ធនាគារ​ជាតិ ប្រកាស​​ផលវិបាក​នៃការ​ប្រើប្រាស់​កម្ចី​ខុសច្បាប់

  • 2018-06-29 09:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ជាតិ​នៃ​កម្ពុជា នៅថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ពី​ផល​វិបាក​ធំៗ ដែល​បណ្តាល​មកពី​ការ​ប្រើប្រាស់​កម្ចី​ខុសច្បាប់​ រួមមាន​ដូច​ខាងក្រោម៖

  • អតិថិជន អាច​ប្រឈមមុខ​នឹង​បំណុល​វ័ណ្ឌក ដោយសារ​អត្រា​ការប្រាក់ និង​កម្រៃ​សេវា​ផ្សេងៗ​ខ្ពស់​យ៉ាងខ្លាំង​ ជាង​គ្រឹះស្ថាន​ដែល​ស្របច្បាប់ និងការ​គណនា​ការ​ប្រាក់​ពុំ​ត្រឹមត្រូវ​តាមច្បាប់​ និង​បទប្បញ្ញត្តិ។

  • អតិថិជន​អាច​ប្រឈមុខ នឹងការ​គំរាម​កំហែង គៀប​សង្កត់ គ្រោះថ្នាក់ ឬ​រូបភាព​ផ្សេងៗ ដើម្បី​បង្ខំ​ឱ្យ​សង​ប្រាក់​ដើម ការប្រាក់ និង​ប្រាក់​ពិន័យ​ដែល​មិនសម​ហេតុផល​ទៅ​ក្រុមហ៊ុន​វិញ។

  • ទ្រព្យធានា​របស់​អតិថិជន អាច​ត្រូវបាន​ក្រុមហ៊ុន ឬ​អ្នក​ផ្តល់​កម្ចី​ខុសច្បាប់ រឹបអូស​ដោយ​ពុំ​ឆ្លងកាត់​ការ​សម្រេច​ពី​តុលាការ​ជាដើម។

អគារ​ធនាគារជាតិ​នៃកម្ពុជា ដែល​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថីព្រះនរោត្តម
ការ​ប្រកាស​ខាងលើនេះ គឺក្រោយ​ពេល​ធនាគារ​ជាតិ បាន​កត់​សម្គាល់​ឃើញ​នាពេលថ្មីៗ​នេះថា មាន​​ក្រុមហ៊ុន​ឯកជនមួយចំនួន​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ​យ៉ាង​សកម្ម​អំពី​ព័ត៌មាន​ប្រាក់​កម្ចី​​របស់​ខ្លួន ​តាម​រយៈ​បណ្តាញ​សង្គម ការចែក​នាមបណ្ណ និង​ផ្ញើសារ​តាម​ទូរសព្ទ​ជាដើម។

ជាមួយគ្នា​នេះ ធនាគារ​ជាតិ​បាន​អំពាវនាវឱ្យ​សាធារណជន បង្កើន​ការ​ប្រុងប្រយ័ត្ន និងជៀសវាង​ការប្រើប្រាស់​សេវាកម្ម​កម្ចី​ពី​ក្រុមហ៊ុន ឬ​អ្នក​ផ្តល់​កម្ចី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនោះ។

ទន្ទឹមនឹង​នេះ ធនាគារ​ជាតិ​ ក៏បាន​នឹង​កំពុង​ស្នើសុំ​ការ​សហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​ក្រុមហ៊ុន ឬ​អ្នកផ្តល់​កម្ចី​ខុសច្បាប់​គ្រប់​រូបភាព​ទាំងអស់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;