អាជ្ញាធរ ស្នើ​ឱ្យ​បញ្ចៀស​ការ​ធ្វើ​ចរាចរណ៍​ចេញ​ចូល​រាជធានី​ នៅ​​​​ម្តុំ​ស្ពាន​ផ្សារដីហុយ នាថ្ងៃ​២កក្កដា

  • 2018-06-29 13:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​ បាន​ស្នើឱ្យ​បញ្ចៀស​ការធ្វើ​ចរាចរណ៍ ចេញ​ចូល​រាជធានី​នៅ​ចំណុច​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន​សែនសុខ (ស្ពាន​ស្តុប​ផ្សារដីហុយ) នៅ​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ ការ​អំពាវនាវ​នេះ គឺ​ដោយសារតែ​ស្ពាន​នេះ នឹង​ត្រូវ​ធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ពិធី​នេះ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១២ថ្ងៃ​ត្រង់ ដោយមាន​អ្នក​ចូលរួម​ជាង ១ម៉ឺន​នាក់។

ស្ពានស្តុបផ្សារដីហុយ ដែលត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ន​​កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នា​នេះ អាជ្ញាធរ​រាជធានី បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ត​ដឹក​អ្នក​ដំណើរ ដែល​ត្រូវធ្វើ​ចរាចរណ៍​ចេញចូល​រាជធានីភ្នំពេញ ឆ្លងកាត់​ទីតាំង​នេះ ត្រូវ​ពង្វាងផ្លូវ​ដូច​ខាងក្រោម៖

១. ចំពោះ​អ្នកធ្វើ​ដំណើរ​មកពី​ទិស​ខាងលិច តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ពី​ព្រលាន​យន្តហោះ​ចូល​រាជធានី ត្រូវ​ពង្វាង​ផ្លូវ ទៅ​ផ្លូវលេខ​២០០៤ បត់ស្តាំ​ទៅ​ទិស​ខាងត្បូង ឬផ្លូវលេខ​២០១១ បត់​ឆ្វេង​ទៅទិស​ខាងជើង ឬបត់ស្តាំ​ទៅ​ទិស​ខាងត្បូង តាមផ្លូវ​បេតុង ឆ្ពោះ​ទៅវត្ត​អង្គតាមិញ។

២. ចំពោះ​អ្នកធ្វើ​ដំណើរ​តាម​បណ្តោយ​សហព័ន្ធរុស្ស៊ី ទិសដៅ​ចេញ​ក្រៅ​រាជធានី​ភ្នំពេញ ត្រូវ​ពង្វាង​ផ្លូវ ដោយ​បត់ឆ្វេង​ក្រោម​ស្ពាន​អាកាស ចូលផ្លូវ​ណ័រប្រ៊ីត ឬ​បត់ស្តាំ​ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស ទៅ​មហាវិថី​មិត្តភាព​ភ្នំពេញ-ហាណូយ។

៣. ចំពោះ​អ្នក​ធ្វើដំណើរ​ពី​ខាងជើង ទៅ​ទិសខាង​ត្បូង និង​ពីទិស​ខាងត្បូង ទៅទិស​ខាងជើង​តាម​មហាវិថី​មិត្តភាព​ភ្នំពេញ-ហាណូយ និង​ផ្លូវ​លេខ១០១៩ (ណ័រប្រ៊ីត) ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​នេះ គឺ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​ជាម្មតា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;