សារព័ត៌មាន​ខ្មែរ ចាប់អារម្មណ៍​រឿង​ "បាតដៃខ្មៅ"

  • 2018-07-03 03:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មានធំៗជាច្រើន បានងាក​មកចាប់អារម្មណ៍​ខ្សែភាពយន្តខ្មែរ រឿង "បាតដៃខ្មៅ" ដែលកំពុងចាក់បញ្ចាំង នៅតាមរោងភាពយន្ត​នានា។

កាសែតរស្មីកម្ពុជា បានដាក់ចំណងជើងថា៖ "Sabay បញ្ចេញ​ភាពយន្ត​ដ៏​ទាក់ទាញ គឺ​រឿង បាតដៃ​ខ្មៅ​"។ កាសែត​វ័យចំណាស់មួយនេះ បានសរសេរថា ខ្សែភាពយន្តខ្នាតធំ រឿង បាតដៃខ្មៅ របស់ក្រុមហ៊ុន Sabay សហការជាមួយ Studio 4 ត្រូវ​បាន​សម្ពោធ​ដាក់បញ្ចាំង​ជា​ផ្លូវការហើយ កាលពីថ្ងៃទី២៦​ មិថុនា ២០១៨ ក្រោយ​បញ្ចប់​ការ​ផលិត​យ៉ាង​យកចិត្ត​ទុក​ដាក់​ពី​សំណាក់អ្នក​ដឹកនាំ​រឿង និង​តួ​សម្ដែង​វ័យក្មេង ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ។

ចំណែក​វិបសាយ​ កោះតារា របស់​សារព័ត៌មាន​កោះសន្តិភាព ក៏បាន​ចាប់អារម្មណ៍​លើ​ខ្សែភាពយន្តនេះផងដែរ។ កោះតារា បានដាក់ចំណងជើងថា "រឿងបាតដៃខ្មៅ បង្កប់អរូបិយ​ជ្រាលជ្រៅ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់ដឹង!"។ វិបសាយ​នេះ បាន​សរសេរថា បាតដៃខ្មៅ បាន​បង្ហាញ​ពី​អបិយ​ជំនឿ​ប្លែក​ៗ របស់​ប្រជាជន​នៅ​តំបន់ ភូមិភាគ​ឥ​សាន​ដូច​ជា​ប្រពៃណី​រំដោះគ្រោះ​ហៅ​វិញ្ញាណ​កាប់​ក្របី សែន​ជាដើម។

សារព័ត៌មាន​ដើម​អំពិល ឯណោះវិញ បាន​ដាក់ចំណងជើងថា "ខ្សែភាពយន្តខ្មែខ្នាតធំ រឿង «បាតដៃខ្មៅ»របស់ក្រុមហ៊ុន Sabay សម្ពោធដាក់បញ្ចាំង ជាផ្លូវការហើយ"។ សារព័ត៌មាន​អនឡាញ​ដ៏ល្បី​នេះ បាន​ស្រង់​សម្ដីលោក មាស រស្មី អ្នកដឹកនាំ​រឿង បាតដៃខ្មៅ ថា​រឿងនេះ លោកបានចំណាយ ពេលជាងមួយភាគ បីនៃ គម្រោងទៅលើការសរសេរអត្ថបទរឿង ដោយត្រូវសម្រួលពីប្រលោម លោក ដែលសរសេរ សម្រាប់ការស្រមៃ មកជាអត្ថបទរឿងដែលសរសេរសម្រាប់ការថតជារូបភាព និងសំឡេង។ មិនតែប៉ុណ្ណោះលោកក៏បានចំណាយពេលចុះទៅដល់ខេត្តដែលសាច់រឿងដើមបាននិយាយ ដូចជាតាកែវ ស្ទឹងត្រែងជាដើម ។

វិបសាយ​សារព័ត៌មានថ្មីៗ បានចាប់អារម្មណ៍ទៅលើ​អ្នកនិពន្ធ​រឿង បាតដៃខ្មៅ គឺអ្នកស្រី ម៉ីសន សុធារី។ សារព័ត៌មានអនឡាញមួយនេះ បានស្រង់​សម្ដីរបស់អ្នកស្រី មីសន សុធារីថា៖ "រឿង​«​បាតដៃ​ខ្មៅ​» និពន្ធ​ឡើង​ដើម្បី​ផ្ដល់​សារ​អប់រំ​ទៅដល់​យុវវ័យ​សម័យថ្មី​ឲ្យ​ចេះ​សាមគ្គី​គ្នា និង​ចេះ​ស្វែងយល់​ពី​ដើមហេតុ​នៃ​បញ្ហា មក​រួមគ្នា​ដោះស្រាយ​។ រឿងនេះ​ក៏​បញ្ចូល​បញ្ហា​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ជំនឿ​អ​រូបិយ​ខ្មែរ​ផងដែរ ដើម្បី​កុំ​ឲ្យ​យុវវ័យ​មានការ​ប្រមាថ​ពេល​ទៅ​តំបន់​ឆ្ងាយ​ពី​ភូមិ​ស្រុក​របស់ខ្លួន​"។

Sai តួឯកប្រុស (ឆ្វេង) ចែ ឡេង តួឯកស្រី (កណ្ដាល) និង​ លោក មាស រស្មី អ្នកដឹកនាំរឿងរឿង "បាតដៃខ្មៅ"

Biz Khmer បាន​ចាប់អារម្មណ៍​ទៅលើ លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើការ​ផលិត​រឿង បាតដៃខ្មៅ។ វិបសាយ​ព័ត៌មាន​ពាណិជ្ជកម្ម​មួយនេះ បានស្រង់​សម្ដី​លោក ជី សិលា ថាការ​វិនិយោគ​រឿង​ “បាត​ដៃ​ខ្មៅ”​ ​គ្រាន់​តែ​ជា​ការចាប់​ផ្តើម​របស់​​​ Sabay លើ​វិស័យភាព​យន្ត​ខ្មែរ​ប៉ុណ្ណោះ ​មិនមែន​ជា​កត្តា​វាស់វែង​ផែនការ​អនាគត​នោះទេ​ ដូច្នេះ​ទោះរឿង​នេះ​ជោគជ័យ ​ឬអត់ ​Sabay នៅ​តែ​វិនិយោគ​កុន​ទម្រង់ថ្មីៗ ជាបន្តទៀត​។ ភាពយន្ត​ធំ​បន្ទាប់​ទៀត ទំនង​ជា​ផ្តើម​ប្រតិបត្តិការ​នៅ​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ ហើយ​ក្នុង​ទម្រង់​មួយ​ថ្មី។

សូម​បញ្ជាក់ថា ខ្សែភាពយន្តខ្នាតធំ "បាតដៃខ្មៅ" ត្រូវ​បាន​សម្ពោធ​កាលពី​ថ្ងៃ​ទី២៦ មិថុនា និង​ចាប់​ផ្ដើម​បញ្ចប់​ ចាប់​ពី​ថ្ងៃ​២៨ មិថុនា​រហូត​មក នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ៗ នៅ​រាជធានី​ភ្នំពេញ និង​រោង​ភាពយន្ត​ Major Cineplex by Smart ខេត្ត​សៀម​រាប។ ខ្សែភាពយន្ត​ថ្មី​នេះ ​ប្រមូល​ម្តុំ​ដោយ​តារាល្បីៗ ដូច Sai ខាំ ជេន ម៉ានិត ជន រតនៈ រួមទាំង ចែ ឡេង និង​យុជន​វ័យ​ក្មេង ហេង ចន្ទតារាវិត ជាដើម៕

លោក​ ទូច​ យិនមុនី​ សហស្ថាបនិកផលិតកម្ម Studio 4 (ឆ្វេង) អ្នកស្រី ម៉ីសន សុធារី អ្នកនិពន្ធរឿង "បាតដៃខ្មៅ" (កណ្ដាល) និង លោក មាស រស្មី ជាអ្នកដឹកនាំរឿង

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;