កម្ពុជា គ្រោងនឹងធ្វើទំនើបកម្មផ្លូវដែកបន្ថែមទៀត
- 2018-07-04 05:48:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា គ្រោងនឹងធ្វើទំនើបកម្មផ្លូវដែកបន្ថែមទៀត
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានគម្រោងជាច្រើនទៀត ក្នុងការធ្វើទំនើបកម្មលើផ្លូវដែក។
គម្រោងទាំងនោះមានដូចជា៖
ការសាងសង់និងជួសជុលស្ថានីយរថភ្លើងព្រមទាំងបំពាក់ស្លាកសញ្ញាសុវត្ថិភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត
ការសាងសង់ទីលានកុងតឺន័រផ្លូវដែកនៅស្ទឹងបត់
ការសិក្សាដើម្បីរៀបចំឲ្យមានរថភ្លើងលើអាកាសដំណើរការដោយស្វ័យប្រវត្តិនៅក្នុងរាជធានីភ្នំពេញ
ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី
ការតភ្ជាប់ផ្លូវដែកទៅតំបន់សេដ្ឋកិច្ចពិសេសដូចជា ពីស្ថានីយទូកមាសទៅរោងចក្រស៊ីម៉ងត៍ចក្រីទីង និងពីស្ថានីយវាលរេញ ទៅកំពង់ផែកែវផុស
ការជំរុញឱ្យមានការវិនិយោគផ្លូវដែកភាគខាងជើងភ្នំពេញ-ស្នូល-ស្ទឹងត្រែង ប្រវែង ២៤៨គីឡូម៉ែត្រ
ការជំរុញឱ្យមានការវិនិយោគផ្លូវដែកពីភ្នំពេញ-សៀមរាប-សិរីសោភ័ណ
និងការជំរុញឱ្យមានការវិនិយោគផ្លូវដែក តភ្ជាប់ទៅប្រទេសវៀតណាម។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានថ្លែងក្នុងពិធីដាក់ឱ្យដំណើរការកំណាត់ផ្លូវដែក ពោធិ៍សាត់-ភ្នំពេញនេះថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានារបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសពីនេះ គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ។ ផ្លូវដែកនេះ នឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកនៃប្រទេសថៃ នាពេលខាងមុខដ៏ខ្លីនេះ៕