ជិត ៥០នាក់​បាត់ខ្លួន ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​ថៃ

  • 2018-07-06 01:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ថៃ កំពុង​ខ្នះខ្នែង​ស្វែងរក​មនុស្ស​ចំនួន​៤៩​នាក់​ទៀត ដែល​បាន​បាត់ខ្លួន​ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​១ នៅក្នុង​សមុទ្រ​នៃ​ខេត្ត​ភូកេត កាលពី​យប់​ថ្ងៃទី​៥កក្កដា​ម្សិលមិញ។ ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាធរ បាន​រកឃើញ​សាកសព​១ នៅ​ជិត​ទីតាំង​ដែល​ទូក​លិច ហើយ​កំពុងតែ​ពិនិត្យ​សាកសព​នោះហើយ។

អភិបាលខេត្ត​ភូកេត លោក Norapat Plodthong បាន​និយាយ​ថា ទូក​ដែល​បាន​ក្រឡាប់​នោះ​ឈ្មោះ Phoenix មានផ្ទុក​អ្នក​ដំណើរ ៩៧​នាក់ ក្នុង​នោះ ៤៨នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​រួចហើយ។ ទូកនេះ​បាន​លិច​នៅ​ជិត​កោះ Koh Heh។ ភាគច្រើន​នៃ​អ្នក​បាត់​ខ្លួន​ គឺជា​អ្នក​ទេសចរ​ចិន និង​មាន​ជនជាតិ​រុស្ស៊ី​ផងដែរ។

អ្នកទេសចរ ដែលត្រូវបានជួយសង្គ្រោះ ពីទូកដែលបានក្រឡាប់​នៅក្នុងសមុទ្រនៃខេត្តភូកេត កាលពីយប់ថ្ងៃទី៥កក្កដា ២០១៨។ រូបថត៖ AP
បើតាម​លោក​អភិបាល​ខេត្ត មន្រ្តី​ផ្នែក​សមុទ្រ បាន​រាយការណ៍​ថា ទូកនោះ​ត្រូវបាន​ក្រឡាប់​លិច ដោយសារ​​ខ្យល់ព្យុះ​ដ៏ខ្លាំង​មួយ ហើយ​លោក​សន្និដ្ឋាន​ថា ទូកនោះ នៅតែ​បន្ត​ធ្វើ​ដំណើរ បើទោះបី​ជាមាន​ការ​ព្រមាន​ពី​អាកាសធាតុ​របស់​អាជ្ញាធរ​ក៏ដោយ។

លោក​ Norapat បាន​ឱ្យដឹង​ថា ក្រៅពី​ទូក​ល្បាត​ចំនួន៣​គ្រឿង ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​រុករក​អ្នក​បាត់ខ្លួន​នោះ ទូក​នេសាទ​ជាច្រើន​គ្រឿងទៀត នៅក្នុង​តំបន់​នោះ ក៏ត្រូវបាន​បញ្ជូន​ទៅស្វែង​រក​ផងដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;