កម្ពុជា-ADB ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​ចំនួន​២ តម្លៃ​ជិត ២០០លាន​ដុល្លារ

  • 2018-07-06 06:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​សម្រាប់​គម្រោង​ចំនួន២ ដែល​មាន​ទឹកប្រាក់​សរុប ១៩០លាន​ដុល្លារ។ ការ​ចុះ​ហត្ថលេខា​នេះ ធ្វើឡើង​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Hldeakl Iwasak នាយក​ស្តីទី​ស្ថាន​តំណាង​ ADB ប្រចាំ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង។

ពិធីចុះហត្ថលេខាលើគម្រោងចំនួន២ ដែលមានទឹកប្រាក់ជិត ២០០លានដុល្លារ នាព្រឹកថ្ងៃទី៦កក្កដា ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ ក្រសួងសេដ្ឋកិច្ច
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច បាន​ឱ្យដឹង​ថា គម្រោង​ទាំង២​នេះ រួមមាន៖

១. គម្រោង​ខ្សែ​ច្រវ៉ាក់​ផលិតកម្ម​ប្រកប​ដោយ​ភាតរៈ​បរិស្ថាន៖ គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន ១៤១,០៤​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការ​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​តាម​ជនបទ និង​ជំរុញ​នូវ​ការ​ប្រកួត​ប្រជែង​នៃ​ច្រវ៉ាក់​ផលិតកម្ម​កសិកម្ម ស្របតាម​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៤-២០១៨, គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី "ការ​ជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ការ​នាំចេញ​អង្ករ" និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥។

២. គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី៣៖ គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន ៦៦​លាន​ដុល្លារ សម្រាប់​ធ្វើការ​កែ​លម្អ​បន្ថែម​ផ្លូវ​ជនបទ ដោយ​ក្រាល​កៅស៊ូ ២ជាន់ (DBST) និង​បេតុង ដែល​មាន​ចំនួន ២២ខ្សែ ប្រវែង​សរុប​ប្រមាណ ៣៥៩,៨​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្ត​គោលដៅ​ចំនួន ៥ រួមមាន កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និង​ក្រចេះ។ គម្រោង​នេះ ក៏​នឹង​ចូលរួម​ចំណែក​ក្នុងការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​ជនបទ រួមមាន​ការ​ធានា​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជនបទ ឱ្យមាន​​គម្លាត​ខិតជិត​ទីប្រជុំជន​នៅឆ្នាំ​២០២៥។

ជាមួយគ្នា​នេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​រំលឹក​ឡើងវិញ​ផងដែរ​ថា គិតមក​ដល់ពេល​នេះ ADB បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​សរុប​ចំនួន​ប្រមាណ ២,៩៥ពាន់​លាន​ដុល្លារ​ហើយ។ ក្នុង​នោះ ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ២,៤៦​ពាន់​លាន​ដុល្លារ សម្រាប់​អនុវត្ត​កម្មវិធី/គម្រោង ចំនួន​១០១ និង​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៤៨៧​លាន​ដុល្លារ សម្រាប់​អនុវត្ត​កម្មវិធី/គម្រោង ចំនួន​៥១៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;