៤១នាក់​ស្លាប់ និង២​លាននាក់​ត្រូវ​ភៀសខ្លួន​ចេញ ដោយសារ​ទឹក​ជំនន់​នៅ​ជប៉ុន

  • 2018-07-08 01:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទឹក​ជំនន់ បាន​សម្លាប់​មនុស្ស ៤១​នាក់ និង​បង្ខំ​ឱ្យ​មនុស្ស​ប្រមាណ​២លាន​នាក់ រត់គេច​ចេញពី​ផ្ទះ ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០១៨​ម្សិលមិញ នៅភាគ​នីរតី​ប្រទេស​ជប៉ុន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អគ្គិភ័យ​នៃ​ប្រទេស​ជប៉ុន។

យោធាជប៉ុន កំពុងជម្លៀសប្រជាជន នៅក្នុងខេត្តអូកាយ៉ាម៉ា ស្ថិតនៅភាគនីរតីប្រទេសជប៉ុន កាលពីថ្ងៃទី៧ កក្កដា ២០១៨។ រូបថត៖ CNN
គ្រោះ​ធម្មជាតិ​នេះ ក៏បាន​ធ្វើឱ្យ​មនុស្ស​យ៉ាង​ហោចណាស់ ៥១​នាក់ បាន​រងរបួស និង​៣៦នាក់​ផ្សេងទៀត កំពុង​បាត់​ខ្លួន។ ក្រៅពី​នេះ ផ្ទះ​រាប់រយ​ខ្នង​ត្រូវបាន​បំផ្លាញ។ ជារួម ខេត្ត​ចំនួន៨ បានរង​ផល​ប៉ះពាល់ ក្នុងនោះ​រួមមាន​ទាំង​ក្រុង​ក្យូតូ និង​ហ៊ីរ៉ូស៊ីម៉ា​ផងដែរ។

អាជ្ញាធរ​ជប៉ុន បាន​ឱ្យដឹង​ថា ភ្លៀងធ្លាក់​ខ្លាំង​នេះ ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​រហូត​មកដល់​ថ្ងៃអាទិត្យ​នេះ​ទៀត ដែល​នឹង​កើតឡើង​នៅ​ភាគ​ខាងលិច និង​ខាងកើត​ប្រទេស។

មនុស្ស​យ៉ាងហោច​ណាស់ ៤លាន​នាក់ ត្រូវបាន​ក្រើន​រំលឹក​ឱ្យ​ចាកចេញ​ពី​តំបន់​ដែល​ទទួល​រង​ឥទ្ធិពល ដោយ​ពួកគេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​ការ​បាក់ដី ទឹកជំនន់ ខ្យល់ខ្លាំង និង​លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់​ផ្សេងៗ​ទៀត៕

អគារ និងផ្ទះសម្បែង នៅក្នុងខេត្តអូកាយ៉ាម៉ា ស្ទើរតែលិចទាំងស្រុង កាលពីថ្ងៃទី៧ កក្កដា ២០១៨។ រូបថត៖ CNN

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;