អ្នក​លេង​បណ្ដាញ​សង្គម ប្រតិកម្ម​នឹង​ការថតខ្សែភាពយន្តបេសកកម្ម​ជួយ​ក្មេង​នៅ​ថៃ

  • 2018-07-12 06:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​ បាន​បង្ហាញ​ការ​យល់ឃើញ​ស្រដៀង​គ្នា ចំពោះ​ការ​ផ្ដួចផ្ដើម​ផលិត​ខ្សែ​ភាពយន្ត​ដែល​បង្ហាញ​រូបភាព​ នៃ​បេសកកម្ម​ជួយ​សង្គ្រោះ​យុវកីឡាករ១២នាក់ និង​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់ ដែល​ត្រូវ​បាន​រំដោះ​ចេញ​ពី​ក្នុង​ល្អាង​ភ្នំ​ថាម​ហ្លូង ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ កាលពី​ពេលថ្មីៗ​កន្លង​ទៅ។

រូប​ក្មេងៗ​កីឡាករ​បាល់ទាត់ ទាំង​១២​នាក់
ម្ចាស់​គណនី Twitter ជាច្រើន ទាំង​គណនី​ដែល​មាន​ការ​ទទួល​ស្គាល់ (Verified) និង​គណនី​ផ្សេងៗ បាន​លើកឡើង​ដូចគ្នា​ថា ខ្សែ​ភាពយន្ត​ខាងលើ នឹង​ត្រូវ​​សម្ដែង​ដោយ​ជនជាតិ​ស្បែក ស មិនមែន​ជា​ជនជាតិ​ថៃ​នោះ​ទេ​។

យ៉ាងណា​ក៏ដោយ លោក John M. Chu អ្នកដឹកនាំ​របស់​ផលិតកម្ម Ivanhoe Pictures បាន​អះអាង​នៅ​លើ​គណនី Twitter ផ្លូវការ​របស់​ខ្លួន​ថា បើសិនជា​ផលិតកម្ម​របស់​លោក ទទួល​ថត ពួកគេ​នឹង​យកចិត្តទុកដាក់​ពី​ភាព​ចម្រុះ​ជាតិ​សាសន៍​ក្នុង​រឿង​នេះ​។

ទ័ពជើងទឹកថៃ នៅមុខល្អាងភ្នំថាមហ្លូង ខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីថ្ងៃទី១០កក្កដា (រូបថត៖ Reuters)

សូម​ជម្រាប​ថា មក​ទល់​ពេល​នេះ យ៉ាងហោចណាស់​មាន​ផលិតកម្ម​ហូលីវូដ​ចំនួន ២ កំពុង​ទាក់ទង​ផលិត​ខ្សែ​ភាពយន្ត​របស់​ក្រុម​បាល់ទាត់​ថៃ​ដែល​មាន​ឈ្មោះ​ថា "Wild Boars” គឺ​ផលិតកម្ម Pure Flix និង Ivanhoe Pictures ។ រឿង​នេះ នឹង​ត្រូវ​គេ​យក​ទៅ​ប្រៀបធៀប​ជាមួយ​ខ្សែភាពយន្ត "The 33” ដែល​ឆ្លុះបញ្ចាំង​ពី​បេសកកម្ម​ជួយ​សង្គ្រោះ​អ្នក​ជីក​រ៉ែ​សញ្ជាតិ​ឈីលី ៣៣នាក់ ដែល​បាន​ជាប់​នៅ​ក្រោមដី​ជាង ៣​ខែ កាលពី​ឆ្នាំ​២០១០៕

អត្ថបទទាក់ទង រឿង​ក្មេង​ៗថៃជាប់​ក្នុង​​ល្អាង ត្រូវ​បានផលិតករ​ហូលីវូដ​ ចុះសិក្សា​ ដើម្បីផលិតជាខ្សែភាពយន្ត

ប្រភព៖ Asiancorrespondent ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;