អគ្គ​មេបញ្ជាការ​ស្តីទី បែងចែក​ភារកិច្ច​​ដល់​ថ្នាក់​ដឹកនាំ អគ្គបញ្ជាការដ្ឋាន និង​សេនាធិការ​ចម្រុះ

  • 2018-07-12 07:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការ​ស្តីទី នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ចេញ​សេចក្តី​សម្រេច​បែងចែក​ភារកិច្ច​ទទួល​ខុសត្រូវ​របស់​ថ្នាក់​ដឹកនាំ​អគ្គ​បញ្ជាការដ្ឋាន និង​សេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ ចំនួន ១៥​រូប។

សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​នាយឧត្តមសេនីយ៍​ សៅ សុខា កាលពី​ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ធ្លាក់​ដល់ដៃ​អ្នក​កាសែត​កាលពី​ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ​២០១៨ ឱ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​អគ្គ​បញ្ជាការដ្ឋាន និង​សេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ​ចំនួន ១៥រូប ដែល​ត្រូវ​បែងចែក​ភារកិច្ច​ទទួល​ខុសត្រូវ​រួមមាន​ដូចជា៖

១. នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​ស្តីទី ជាអ្នក​មាន​សមត្ថកិច្ច​ក្នុងការ​បញ្ជា​កង​យោធពល​ទាំងមូល និងជា​អ្នក​ទទួល​ខុសត្រូវ​ចាត់តាំង​អនុវត្ត​ភារកិច្ច​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល ហើយ​មាន​ភារកិច្ច​ដឹកនាំ បញ្ជា គ្រប់គ្រង​ដោយ​ផ្ទាល់​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ព្រមទាំង​ទទួល​ផ្ទាល់​លើ​ការងារ​ខុទ្ទកាល័យ ទីចាត់ការ​បុគ្គលិក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ទីចាត់ការ​ហិរញ្ញវត្ថុ និង​ការងារ​អធិការដ្ឋាន។ ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត នាយ​ស្តីទី​សេនាធិការ​ចម្រុះ មេ​បញ្ជាការ​ស្តីទី​កងទ័ព​ជើងគោក មាន​ភារកិច្ច​ជួយ​អគ្គ​មេបញ្ជាការ​ស្តីទី​លើ​ការងារ​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​កងទ័ព​ជើង​គោក។

២. នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង មេ​បញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស មាន​ភារកិច្ច​ជួយ​អគ្គ​មេបញ្ជាការ​ស្តីទី លើ​ការងារ​ដឹកនាំ​បញ្ជា និង​គ្រប់គ្រង​បញ្ជាការដ្ឋាន​អង្គរក្ស។

៣. នាយ​ឧត្តមនាវី អ៊ុង សំខាន់ អគ្គ​មេបញ្ជាការ​រង មាន​ភារកិច្ច​ជួយ​អគ្គ​មេបញ្ជាការ​ស្តីទី លើ​ការងារ​បញ្ជូន​សារ និង​បំភ័ន្ត​អក្ខរៈ។

៤. នាយ​ឧត្តមសេនីយ៍ គៀង សាវុធ អគ្គ​មេបញ្ជាការ​រង មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធ​យោធា។

៥. នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការ​រង នាយក​ទីចាត់ការ​ហ្វឹកហ្វឺន មាន​ភារកិច្ច​ជួយ​អគ្គ​មេបញ្ជាការ​ស្តីទី លើ​ការងារ​ហ្វឹកហ្វឺន និង​អប់រំ ព្រមទាំងជួយ​ការងារ​ដល់​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត នាយ​ស្តីទី​សេនាធិការ​ចម្រុះ ក្នុងពេល​ដែល​កំពុង​បំពេញ​បេសកកកម្ម។

៦. នាយ​ឧត្តម​សេនីយ៍ ម៉ក់ សារុន អគ្គ​មេបញ្ជាការ​រង មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​ទំនាក់​ទំនង​សាធារណៈ។

៧. នាយ​ឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គ​មេបញ្ជាការ​រង មាន​ភារកិច្ច​ជួយ​អគ្គ​មេបញ្ជាការ​ស្តីទី លើ​ការងារ​សេនាធិការដ្ឋាន​កង​អន្តរាគមន៍។

៨. នាយ​ឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គ​មេបញ្ជាការ​រង មាន​ភារកិច្ច​ជួយ​អគ្គ​មេបញ្ជាការ​ស្តីទី លើ​ការងារ​ព្រំដែន។

៩. នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​បញ្ជាការដ្ឋាន​វិស្វកម្ម។

១០. នាយ​ឧត្តមសេនីយ៍ ម៉ី មនដារី អគ្គ​មេបញ្ជាការ​រង មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​សុខាភិបាល និង​ការងារ​យេនឌ័រ។

១១. នាយ​ឧត្តមសេនីយ៍ អ៊ុយ សារិន្ទ អគ្គ​មេបញ្ជាការ​រង មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​អភិវឌ្ឍន៍។

១២.នាយ​ឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើង​អាកាស មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​កងទ័ព​ជើងអាកាស និង​បញ្ជាការដ្ឋាន​ការពារ​អាកាស។

១៣. នាយ​ឧត្តម​នាវី ទៀ វិញ អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើងទឹក មាន​ភារកិច្ច​ជួយ​អគ្គ​មេបញ្ជាការ​ស្តីទី លើ​ការងារ​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​កងទ័ព​ជើងទឹក។

១៤. នាយ​ឧត្តម​សេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការ​រង នាយក​ទីចាត់ការ​កលយុទ្ធ មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​ផែនការ និង​ប្រតិបត្តិការ​សឹក។

១៥. នាយ​ឧត្តមសេនីយ៍ ណុប រតនា អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ មាន​ភារកិច្ច​ជួយ​អគ្គ​មេបញ្ជាការ​ស្តីទី លើ​ការងារ​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ។

ក្រៅពី​ភារកិច្ច​ដូចដែល​បាន​បែងចែក​ខាងលើ​នេះ នាយ​ស្តីទី​សេនា​ធិការចម្រុះ និង​អគ្គ​មេបញ្ជាការ​រង ត្រូវ​ទទួល​ភារកិច្ច​បន្ថែម​មួយ​ចំនួន​ទៀត តាម​ការ​ប្រគល់​ពី​អគ្គ​មេបញ្ជាការ​ស្តីទី។

សូម​បញ្ជាក់​ថា ការ​បែងចែក​ភារកិច្ច​នេះ គឺ​បន្ទាប់ពី​​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់​ភារកិច្ច​ធ្វើជា​អគ្គ​មេ​បញ្ជាការ​ស្ដីទី នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ពី​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ដែល​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ខាងមុខ​នេះ៕

អត្ថបទទាក់ទង៖ ពិធី​ផ្ទេរ​តំណែង​ដល់​លោក សៅ សុខា និង​លោក ហ៊ុន ម៉ាណែត ​ត្រូវ​បាន​ប្រកាសជាផ្លូវការ​នៅ​ព្រឹក​នេះ


អត្ថបទ៖ សោភា