World Cup ២ទសវត្សរ៍​ចុងក្រោយ មាន​កីឡាករ​កើត​នៅបារាំង​ច្រើន​ជាងគេ​

  • 2018-07-12 08:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ទិន្នន័យ​របស់​វេប​សាយ RunRepeat បាន​ឲ្យដឹង​ថា ក្នុង​រយៈ​ពេល២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​បារាំង បាន​បណ្ដុះបណ្ដាល​កីឡាករ World Cup ចំនួន ២១៦​នាក់ ច្រើន​ជាង​ប្រទេស​ណាទាំងអស់​។ បន្ទាប់ពី​បារាំង​គឺ ប្រេស៊ីល (១៤៨នាក់) អាល្លឺម៉ង់ (១៤៧នាក់) អាហ្សង់ទីន (១៤៤នាក់) និង អង់គ្លេស (១៣៦នាក់)។

បញ្ជីដើមកំណើត​កីឡាករ World Cup ពីឆ្នាំ២០០២ ដល់ ២០១៨
ទិន្នន័យ​ដដែល​បន្ត​ថា ក្នុង FIFA World Cup 2018 នេះ កីឡាករ​ចំនួន ៥២​នាក់ មាន​ដើម​កំណើត​នៅ​ប្រទេស​បារាំង ក្នុង​នោះ ២៩% កើត​នៅ​ទីក្រុង​ប៉ារីស។ កីឡាករ​ក្នុងចំណោម ២៩% នេះ មាន​តម្លៃ​ខ្លួន​សរុប​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ចំនួន ៤៨២ ​លាន​អឺរ៉ូ (ជាង ៥៦០​លាន​ដុល្លារ​អាមេរិក)។ យ៉ាងណា​ក៏ដោយ កីឡាករ​ទាំង ៥២​នាក់ មិន​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ទាំងអស់​នោះ​ទេ ពោល​គឺ​ខ្លះ​បាន​ទៅ​លេង​ឲ្យ ម៉ារ៉ុក ព័រទុយហ្គាល់ សេណេហ្គាល់ ទុយណេស៊ី​ជាដើម។

គួរ​ជម្រាប​ថា ទិន្នន័យ​ខាងលើ ត្រូវ​បាន​ដកស្រង់​ពី​ព្រឹត្តិការណ៍ World Cup គិត​ចាប់​ពី​ឆ្នាំ២០០២មក​ ដែលមាន​កីឡាករ​សរុប​ចំនួន ៣៨៤០​នាក់ បាន​ចូលរួម World Cup ពី​ឆ្នាំ​២០០២ ដល់ ២០១៨​។

Mbappe អបអរជាមួយមិត្តរួមក្រុម នៅជម្រើសជាតិបារាំង (រូបថត៖ Reuters)

បើ​តាម​វេបសាយ Vox បាន​ចុះផ្សាយ​ថា ដើម្បី​ដឹង​ពី​មូលហេតុ​ដែល​បារាំង​ជា​ទីតាំង​ផលិត​កីឡាករ World Cup ច្រើន​ជាងគេ គេ​ត្រូវ​រំឭក​ដល់​អំឡុង​ពាក់​កណ្ដាល​សតវត្សរ៍​ទី​២០ ដែល​គ្រា​នោះ បារាំង​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ស្តារ​ប្រទេស​ឡើង​វិញ​ ក្រោយ​សង្គ្រាម​លោក​លើក​ទី២។ ​ដោយសារ​កង្វះ​ខាត​កម្លាំង​ពលកម្ម បារាំង​បាន​អនុញ្ញាត​ឲ្យ​ជនអន្តោប្រវេសន៍​ពី​អឺរ៉ុប និង​ទ្វីប​អាហ្វ្រិក ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​របស់​ខ្លួន។ ទន្ទឹម​នេះ បារាំង​បាន​ធ្វើ​កំណែ​ទម្រង់​វិស័យ​កីឡា ក្រោយ​ទសវត្សរ៍​ឆ្នាំ​១៩៦០។ ប្រទេស​នេះ បាន​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ថ្នាល ទាំង​ចេញ​ពី​ជនជាតិ​ដើម​បារាំង​ និង​ជន​អន្តោប្រវេសន៍​។

កីឡាករ​ល្បី​ៗ​របស់​បារាំង ដែល​មាន​ដើមកំណើត​មិនមែន​បារាំង ឬកាត់បារាំង​ មាន​ដូចជា Zidane, Patrick Viera, Paul Pogba, Kylian Mbappe និង​កីឡាករ​ជា​ច្រើន​ទៀត​៕

Zidane លើកពាន World Cup 1998 (រូបថត៖ Reuters)

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;