អភិបាលខេត្ត​កំពង់ធំ​ ស្រាយ​​បំភ្លឺ​រឿង​មន្ទិល​ដុំ​ថ្ម​​ចំណុច​កណ្ដាល​​ប្រទេស​កម្ពុជា

  • 2018-07-12 09:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​សរសេរ​​​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​១១​ កក្កដា​ ឆ្នាំ​២០១៨ ថា៖ "ដុំ​ថ្ម​មួយ​ដុំ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ចូល​សណ្ឋាគារ​ស្ទឹងសែន​ នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ មិន​មែន​ជា​ចំណុច​ផ្ចិត​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​ឡើយ"។

លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ
ការ​បង្ហោះ​សារ​របស់​លោក​អភិបាល​ខេត្តរូបនេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែលថា​អាជ្ញាធរ​ខេត្ត​កំពង់ធំ មិន​អើពើទៅ​នឹង​ដុំ​ថ្ម​ ដែល​នៅ​ចំ​ចំណុច​កណ្ដាល​នៃ​ប្រទេស​កម្ពុជា។ ​ លោក សុខ លូ ​បាន​សរសេរ​ថា​ "កន្លង​មក និង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​តែ​មាន​បង​ប្អូន​មួយ​ចំនួន​យល់​ថា ​ដុំ​ថ្ម​មួយ​ដុំ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ចូល​សណ្ឋាគារ​ស្ទឹង​សែន​ នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ថា​ជា​ចំណុច​ផ្ចិត​នៃ​ប្រទេស​កម្ពុជា​។ សូម​ជម្រាប​ថា​ តាំង​តែ​ពី​ក្នុង​អំឡុង​ឆ្នាំ​២០០៧ ដែល​មាន​ឯកឧត្ដម​ ណាំ ទុំ ជា​អភិបាល​ខេត្ត​ បាន​សិក្សា​ពី​ករណី​នេះ​ទៅ​ ឃើញ​ថា​ ដុំ​ថ្ម​នេះ​មិន​មែន​ជា​ចំណុច​ផ្ចិត​នៃ​ប្រទេស​ខ្មែរ​ស្អី​ទេ​ គឺ​ប្រហែល​ជា​បង្គោល​ប្រថពី​វិភាគ​តែ​ប៉ុណ្ណោះ​ ​ហើយ​បង្គោល​បែប​នេះ​នៅ​ខេត្ត​កំពង់ធំ​មិន​មែន​មាន​តែ​មួយ​នោះ​ទេ​"។
ដុំថ្ម ដែល​ប្រជាពលរដ្ឋ​ភាគច្រើន គិត​ថា​ជា​ដុំថ្ម​ បញ្ជាក់ពី​ចំណុច​កណ្ដាល​ប្រទេស​កម្ពុជា

ទាក់​ទង​នឹង​រឿង​នេះ​ លោក​អភិបាល​ខេត្ត​កំពង់ធំ​ បាន​​បញ្ជាក់​ប្រាប់ [​ខ្លីៗ] ​ថា​ "ខ្ញុំ​អត់​មាន​ឯកសារ​អ្វី​បន្ថែមនោះ​ទេ ​តែ​ខ្ញុំ​បង្ហោះ​នេះ​ គឺ​ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ចេះ​​តែ​ជឿ​ ដោយ​គ្រាន់​តែ​​ឮ​តៗ​គ្នា​។ បើ​នេះ​ជា​ផ្ចិត​នៃ​ប្រទេស​មែន ​ខ្ញុំ​ច្បាស់​ជា​កសាង​ដើម្បី​ជា​ប្រយោជន៍​ខេត្ត​ទាំង​មូល​។ នៅ​ពេល​ខាង​មុខ​ ខ្ញុំ​អាច​នឹង​គិត​គូរ​ដើម្បី​រក​ចំណុច​ណា​ដែល​នៅ​ចំ​កណ្ដាល​ជាង​គេ​ ដើម្បី​សាង​សង់​អ្វី​មួយ​ជូន​អ្នក​ទេសចរណ៍​បាន​ស្គាល់"។

ចុចអាន​អត្ថបទ​ទាក់ទង៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;