អាមេរិក តាមដាន​នាវា​ចិន ដែល​កំពុង​ឈ្លប​យក​ការណ៍​​ពីសមយុទ្ធ RIMPAC

  • 2018-07-15 06:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​ជើងទឹក​អាមេរិក កំពុង​ឃ្លាំមើល​នាវា​ចារកម្ម​របស់​ចិន១​គ្រឿង នៅក្នុង​ដែន​សមុទ្រ​អន្តរជាតិ ក្បែរ​កោះ​ហាវៃ ជា​កន្លែង​ដែល​ប្រទេស​ចំនួន​២៦ កំពុង​ចូលរួម​ធ្វើ​សមយុទ្ធ RIMPAC ប្រចាំ​ឆ្នាំ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ CNN កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៨។

មន្រ្តី​កងទ័ព​ជើងទឹក​អាមេរិក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក លោក Charles Brown បាន​ថ្លែងថា នាវា​ឈ្លប​របស់​ចិន បាន​ទៅ​ដល់​ទី​នោះ កាលពី​ថ្ងៃទី១១ ខែ​កក្កដា។ លោក​រំពឹង​ថា នាវា​នេះ នឹង​នៅតែ​ស្ថិតនៅ​ក្រៅ​ដែន​សមុទ្រ​អាមេរិក ហើយ​ក៏មិន​បើក​ប្រតិបត្តិការ​ណាមួយ ដែល​បង្ក​ការ​រំខាន​ដល់ការ​ធ្វើ​សមយុទ្ធ​នេះដែរ។

នាវាផ្ទុកយន្តហោះ USS Carl Vinson ចូលចតក្នុងកំពង់ផែ Pearl Habor ដើម្បីត្រៀមចូលរួមសមយុទ្ធ RIMPAC 2018។ រូបថត៖ កងទ័ពជើងទឹកអាមេរិក
សូម​បញ្ជាក់​ថា សមយុទ្ធ​នេះ គឺមាន​ការ​ចូលរួម​ពីនាវា​ចំនួន​៤៧គ្រឿង នាវា​មុជទឹក ៥​គ្រឿង យន្តហោះ​ជាង ២០០​គ្រឿង និង​ទាហាន ២៥០០០​នាក់។ ចិន​​មិន​ត្រូវ​បាន​​អាមេរិក អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ឡើយ ដោយសារ​​តែ​​សកម្មភាព​យោធា​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

គួរ​រំលឹក​ថា ចិន ក៏ធ្លាប់​បាន​បញ្ជូន​នាវា​ឈ្លប​យកការណ៍ ទៅត្រួត​ពិនិត្យ​មើល​លំហាត់​សមយុទ្ធ​នេះ កាលពី​ឆ្នាំ២០១៤ និង ២០១៦​ផងដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;