អាជ្ញាធរ​ខេត្ត​ក្រចេះ ប្រកាស​ឱ្យ​បញ្ឈប់​ការ​ផលិត និង​ទទួលទាន​ស្រា​ ស ជា​បន្ទាន់

  • 2018-07-16 12:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្ត​ក្រចេះ នៅ​ថ្ងៃទី​១៦​កក្កដា​នេះ បាន​ព្រមាន​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងខេត្តនេះ បញ្ឈប់​ការ​ផលិត​ស្រា​ស និង​ទទួល​ទាន​ស្រាស​ជា​បន្ទាន់​ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​គ្រោះថ្នាក់​បន្ថែម​ទៀត។ ហើយ​បើសិន​នៅតែ​បន្ត​ការ​ផលិត​ស្រាស នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់​ជា​ធរមាន។

ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្នួល កំពុងព្យាបាលអ្នកជំងឺ ដោយសារពុលស្រាស (រូបថត៖ FB ក្រសួងសុខាភិបាល)
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ថា ការ​ព្រមាន​នេះ គឺ​បន្ទាប់ពី​មាន​ករណី​ពុល​ស្រា​ស នៅ​ឃុំស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បណ្តាល​ឱ្យ​មាន​អាការៈ ថប់​ដង្ហើម វិលមុខ ស្រវាំង​ភ្នែក និង​អស់កម្លាំង​ជាដើម។

សូម​រំលឹកថា កាលពី​ថ្ងៃទី១២ និង​១៣ ខែ​កក្កដា ឆ្នាំ​២០១៨ មាន​ករណី​ពុលស្រា​ស​ នៅ​ក្នុង​ពិធី​ជួបជុំ និង​ពិធីបុណ្យ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ស្នួល ដែល​បណ្តាល​ឱ្យ​មាន​អ្នកឈឺ និង​ស្លាប់។ ​គិត​ត្រឹម​រសៀល​ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ​២០១៨​ អ្នកស្លាប់​ក្នុងករណី​ពុលស្រា​សនេះ មាន​ចំនួន​៣នាក់ និង​មាន​អ្នកឈឺ​សម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យ​មាន​ចំនួន ៦២​នាក់។ ក្រោយការ​អង្កេត​ស្រាវជ្រាវ ក្រសួង​សុខាភិបាល​បាន​សន្និដ្ឋាន​ថា អ្នកឈឺ និង​អ្នក​ស្លាប់​ក្នុង​ករណី​នេះ គឺ​បណ្តាល​មកពី​ការ "ពុលស្រា​ស ដែល​មាន​សារធាតុ​មេតាណុល"។ បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;