សម្ភារៈ​សំខាន់ៗ​របស់​ គ.ជ.ប ត្រូវបាន​ដឹក​ទៅដល់​គោលដៅ​ចំនួន ១១ខេត្ត​ហើយ

  • 2018-07-18 09:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ឱ្យដឹងនៅថ្ងៃទី១៨កក្កដានេះថា សម្ភារៈសំខាន់ៗ ៤មុខ​របស់​ខ្លួន​រួមមាន សន្លឹកឆ្នោត បញ្ជី​បោះឆ្នោត ទឹកខ្មៅ​លុបលាង​មិន​ជ្រះ និង​ត្រា​សម្ងាត់ ត្រូវ​បាន​ដឹកទៅដល់​គោលដៅ​ចំនួន ១១ខេត្ត​ហើយ កាលពីល្ងាច​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៨។ ខេត្ត​ទាំង១១នោះ​រួមមាន៖ កំពង់ស្ពឺ ព្រះសីហនុ កោះកុង កណ្តាល តាកែវ កំពត កែប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ស្វាយរៀង។

សម្ភារៈរបស់ គ.ជ.ប ដែលត្រូវបានបញ្ជូនទៅកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧កក្កដា ២០១៨។ រូបថត៖ គ.ជ.ប
លោក ហ៊ឺ រ៉ុង ទីប្រឹក្សា គ.ជ.ប និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ បាន​បញ្ជាក់​ថា លើកទី២ គ.ជប នឹង​សម្ភារៈខាងលើនេះ ចេញពី​ឃ្លាំងរបស់ខ្លួន ទៅខេត្ត​ចំនួន១៣​ទៀត នៅថ្ងៃទី១៩កក្កដា រួមមាន៖ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌល​គិរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មានជ័យ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និង​សៀមរាប។ រីឯ​រាជធានី​ភ្នំពេញ ដឹកចេញ​នៅ​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៨ ជាថ្ងៃ​បញ្ចប់​នៃ​ការ​ដឹក​ជញ្ជូន។

យោងតាម​បទបញ្ជា និងនីតិ​វិធី សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត ប្រការ ៨.៤ ចែង​ថា គ.ជ.ប ត្រូវ​ធានា​ថារាល់​សម្ភារៈ ឯកសារ​បោះឆ្នោត ត្រូវ​តែ​បាន​បញ្ជូន និង​ប្រគល់​ជូន​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​មិន​ឱ្យលើស ៣៦​ម៉ោង មុនថ្ងៃ​បោះ​ឆ្នោត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;