សមាគម​ខ្មែរ-វៀតណាម ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​រឿង​គេ​បង្កើត​ហ្វេកប៊ុក​ក្លែងក្លាយ

  • 2018-07-19 00:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ឹម ជី ប្រធាន​សមាគមខ្មែរ-វៀតណាម​នៅ​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សម្តេច ស ខេង ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី១៨ ខែ​កក្កដា ស្នើសុំ​ឲ្យ​ជួយ​អន្ដរាគមន៏ និង ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ដែល​បាន​បង្កើត​ទំព័រ (Page) ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) ដែល​មាន​ឈ្មោះ​ថា សមាគម​វៀតណាម​នៅ​កម្ពុជា។

លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា
នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​សមាគម​ខ្មែរ-វៀតណាម​នៅ​កម្ពុជា បាន​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា រយៈពេល​កន្លង​មក សមាគម​ខ្មែរ˗វៀតណាម​នៅ​កម្ពុជា បាន​ប្រទះ​ឃើញ​មាន​ទំព័រ​ខាងលើ បាន​បង្ហោះ​រូបភាព និង​សរសេរ​ Comment ផ្សេងៗ​ដែល​ពុំមែន​ជា​កម្មសិទ្ធិ​របស់​សមាគមខ្មែរ˗វៀតណាម​នៅ​កម្ពុជា​នោះ​ឡើយ។ សមាគមខ្មែរ˗វៀតណាម​នៅ​កម្ពុជា ពុំ​ដែល​បាន​បង្កើត និង​ធ្លាប់​មាន​នូវ​ទំព័រ (Page) ឬ គេហទំព័រ (Website) ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) ណាមួយ​ឡើយ​។

សមាគម​ដដែល ក៏​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ប្ដូរ​ឈ្មោះ​ពី សមាគម​វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទៅជា​ សមាគម​សហព័ន្ធ​ខ្មែរ˗វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​លិខិត​លេខ ៣៦៣ សជណ ចុះ​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១១ របស់​ក្រសួង​មហាផ្ទៃ​។

នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ

ជុំវិញ​បញ្ហា​នេះ នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ប្រាប់ [ខ្លីៗ] ក្នុង​កិច្ច​សម្ភាស​កាលពី​ព្រឹក​ថ្ងៃ​ទី១៨ ខែ​កក្កដា​ថា ខាង​ជំនាញ​កំពុង​តែ​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ហ្វេសប៊ុក​មួយ​ចំនួន (បង្កើត​ហ្វេសប៊ុក​ក្លែងក្លាយ) និង​ប្រឌិត​ព័ត៌មាន​ថា សមាគម​វៀតណាម​នៅ​កម្ពុជា​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;