ផ្លូវ​ជាតិ​៤ខ្សែ នឹង​ត្រូវ​ជួស​ជុល​ភ្លាមៗ ក្រោយ​អាកាសធាតុ​ល្អ​ប្រសើរ​ឡើង​វិញ

  • 2018-07-20 00:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពត បាន​ប្រកាស​ឲ្យ​ដឹង​ថា មន្ទីរ​នឹង​ធ្វើ​ការ​ជួស​ជុល​ផ្លូវ​ជាតិ​ចំនួន​៤​ខ្សែ​ភ្លាមៗ បន្ទាប់​ពី​អាកាសធាតុ​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។ ផ្លូវ​ជាតិ​ទាំង​នោះ មាន​ដូចជា ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​៣១ ផ្លូវ​ជាតិ​លេខ​៣៣ និង​ផ្លូវ​ជាតិ​លេខ​៤១។

មូលហេតុ​នៃ​ការ​ជួសជុល បណ្ដាល​មក​ពី​ផ្លូវ​ជាតិ​ទាំង​៤ខ្សែ​បាន​ទទួល​រង​ការ​ខូចខាត ព្រោះ​មាន​រថយន្ត​ធំៗ​ជា​ច្រើន​បាន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ដូចជា រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ រថយន្ត​ដឹក​​ធ្យូងថ្ម រថយន្ត​កុងតឺន័រ​ធំៗ និង​រថយន្ត​ផ្សេងៗ​ជា​ច្រើន ដែល​បាន​បង្វែរ​ទិស​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ​៤ មក​បត់​កាត់​​តាម​ខេត្ត​កំពត។

សូម​បញ្ជាក់​ថា ផ្លូវ​ជាតិ​លេខ​៤​​ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​តាំង​ពី​ថ្ងៃ​ទី​១៧ រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយសារ​តែ​ទឹក​ជំនន់​នៅ​ត្រង់​ចំណុច​ស្ពាន​សំរោង (គម ១១៦) ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ។ បច្ចុប្បន្ន នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​តូចៗ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​ហើយ៕

កំណាត់​ផ្លូវ​ជាតិ​លេខ ៤ ដែលត្រូវបានលិច (រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម)

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;