CNCC បង្កើត​ពានរង្វាន់​ចំនួន​១០ សម្រាប់​លីគ​កម្ពុជា​រដូវកាល​២០១៨​នេះ

  • 2018-07-20 08:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​បង្កើត​ពាន​រង្វាន់់​ចំនួន ១០​ផ្សេងៗគ្នា ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ម្ចាស់​ជយ​លាភី​នា​ដំណាច់​រដូវកាល​ឆ្នាំ២០១៨​នេះ ដើម្បី​លើក​ទឹកចិត្ត​ដល់​ក្លឹប គ្រូ​បង្វឹក កីឡាករ និង​អ្នកគាំទ្រ​ ក្នុង​ពាន​រង្វាន់ Metfone Cambodian League និង​ពាន​រង្វាន់​សម្តេច ហ៊ុន សែន។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់ CNCC នៅថ្ងៃ​ទី២០​កក្កដា​នេះ។

ពាន​រង្វាន់​ទាំងនោះ​មាន​ដូចជា៖ គ្រូ​បង្វឹក​សម្បូរ​ប្រជា​ប្រិយ​ភាព កីឡាករ​សម្បូរ​ប្រជាប្រិយ​ភាព អ្នក​គាំទ្រ​ឆ្នើម អ្នក​ថតរូប​បាល់ទាត់​ឆ្នើម និង​ពាន​រង្វាន់​ឯកត្តជន​ថ្មី​គឺ កីឡាករ​សង្ហារ​ជាងគេ ជាមួយពាន​ពិសេសៗ​៥​ផ្សេងទៀត ដែល​នឹងត្រូវ​បង្ហាញ​បេក្ខភាព ដើម្បី​ទទួល​សំឡេង​បោះឆ្នោត​គាំទ្រ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក CNCC នាពេល​ឆាប់ៗ​នេះ។

លោក សៅ សុខា ប្រគល់ពានរង្វាន់គ្រូបង្វឹកសម្បូរប្រជាប្រិយភាព ជូនលោក មាស ចាន់ណា កាលពីរដូវកាលមុន។
លេខា​ប្រតិបត្តិ CNCC លោក ឆាំង ពិសិដ្ឋ លើកឡើង​ថា៖ «**ពាន​រង្វាន់​ថ្មីៗ​ទាំងនេះ បង្កើត​ឡើង​ដើម្បី​ផ្ដល់ជា​កិត្តិយស និង​តបស្នង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែលបាន​លះបង់​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​បាល់ទាត់​ជាតិ។ យើង​រំពឹង​ថា​ទាំងអស់​គ្នា​ នឹង​ចូលរួម​យ៉ាង​ផុសផុល​សម្រាប់​ឆ្នាំទី២​នេះ ព្រោះ​វា​ជា​កម្មវិធី​មួយ​លើក​តម្លៃ ប្រជាប្រិយភាព និង​ការ​គោរព​ស្រឡាញ់ ចំពោះ​កីឡាករ គ្រូបង្វឹក ក្លឹប មន្ត្រី​ដឹកនាំ​ការ​ប្រកួត និង​អ្នក​គាំទ្រ**»។

គួរ​រំលឹក​ថា រដូវកាល​កន្លង​ទៅ CNCC បានផ្ដល់​ពានរង្វាន់​ចំនួន​៤​ប៉ុណ្ណោះ រួមមាន៖

  • លោក មាស ចាន់ណា ឈ្នះពាន​គ្រូ​បង្វឹក​សម្បូរ​ប្រជាប្រិយភាព

  • ខ្សែ​ការពារ លី វ៉ាហេទ ឈ្នះពាន​កីឡាករ​សម្បូរ​ប្រជាប្រិយភាព

  • លោក ប៊ីវ តុលា ឈ្នះ​ពាន​អ្នក​គាំទ្រ​ឆ្នើម

  • និង​លោក សឿន សាយ័ន្តសន្យា ឈ្នះពាន​អ្នក​ថតរូប​ឆ្នើម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;