ជន​រងគ្រោះ​ដោយសារ​មីន​ មាន​ការ​ធ្លាក់​ចុះពី​ជាង​៨០០នាក់​មក​នៅ​ជាង​១០០​នាក់​ក្នុង​មួយឆ្នាំ​ៗ

  • 2018-07-21 03:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​បង្ហាញ​ឲ្យដឹង​ថា ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន​ក្នុង​ឆ្នាំ​២០០០-២០០៥ មាន​អត្រា​ជាង ៨០០​នាក់ ក្នុង​មួយ​ឆ្នាំៗ ហើយ​មក​ដល់​ឆ្នាំ​២០១៦-២០១៨ ធ្លាក់​មក​នៅ​ជាង ១០០នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ។ ទោះបីជា​មាន​ការ​ធ្លាក់​ចុះ​អត្រា​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ក៏ដោយ ក៏​តួលេខ​នេះ​នៅ​តែ​មាន​ចំនួន​ខ្ពស់​ជាង​បណ្តា​ប្រទេស​ដែល​មាន​បញ្ហា​គ្រាប់មីន​ទាំងឡាយ​លើ​សាកលលោក។

របាយការណ៍​បាន​បញ្ជាក់​ថា គិត​ចាប់​ពី​ឆ្នាំ​១៩៩២ រហូត​មក​ដល់​ខែ​មីនា ឆ្នាំ​២០១៨ កន្លង​មក​នេះ ស៊ីម៉ាក់ បាន​សម្រេច​លទ្ធផល​ដូចជា៖ រុករក និង​កម្ទេច​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង ៥១​ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង ១​ម៉ឺន​គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង ២លាន​គ្រាប់។ សរុប​រួម​ទាំងអស់ ទាំង​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គឺ​ជាង ២,៥​លាន​គ្រាប់ ដែល​ត្រូវ​បាន​បោស​សម្អាត។ ក្នុង​នោះ​បាន​ធ្វើ​ការ​បោស​សម្អាត​ផ្ទៃដី​មាន​មីន​បាន​ ចំនួន​ជាង ៩៤៣​គីឡូម៉ែត្រ​ក្រឡា​ផងដែរ​។

របាយការណ៍​បាន​បន្ត​ថា ជន​រងគ្រោះ​ខ្លះ​ត្រូវ​ទទួល​គ្រោះថ្នាក់​លើ​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​ឯង​តែ​ម្តង ដែល​ពួកគាត់​បាន​ធ្វើការ​ដាំដុះ​ជា​ច្រើន​ឆ្នាំមក​ហើយ​។ ហើយ​ដោយ​អ្នក​ខ្លះ​ក៏​បាន​ដឹង​ថា ដី​ស្រែ​ចម្ការ​ទាំងនោះ គឺ​ស្ថិត​ក្នុង​តំបន់​ប្រយុទ្ធ​គ្នា​ពី​មុន​មក ប៉ុន្តែ​ពួកគាត់​នៅ​តែ​សម្រេច​ចិត្ត​ប្រើប្រាស់​ដីនោះ ដើម្បី​គាំទ្រ​ជីវភាព​រស់នៅ​របស់​ពួកគាត់ បើ​ទោះ​បី​ដី​នោះ​មិន​ទាន់​បាន​បោស​សម្អាត​មីន​ក៏​ដោយ​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;