សាធារណរដ្ឋឆេក បញ្ឈប់ការចេញវីសាការងារសម្រាប់ជនជាតិវៀតណាម
- 2018-07-23 13:07:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាធារណរដ្ឋឆេក បញ្ឈប់ការចេញវីសាការងារសម្រាប់ជនជាតិវៀតណាម
ចន្លោះមិនឃើញ
ប្រជាជនវៀតណាម មិនអាចស្នើសុំទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈពេលវែង ឬការចូលរួមក្នុងសកម្មភាពជំនួញណាមួយបន្តទៀតទេ នៅសាធារណរដ្ឋឆេក។
រដ្ឋមន្ត្រីការបរទេសស្ដីទីសាធារណរដ្ឋឆេក លោក Jan Hamacek បាននិយាយថា ចំនួនស្នើសុំទិដ្ឋាការការងារ ដែលបានដាក់ស្នើដោយប្រជាជនវៀតណាម ទៅកាន់ស្ថានទូតឆេកប្រចាំវៀតណាម គឺមានចំនួនច្រើនលើសលប់ និងពុំមានសញ្ញាណនៃការថមថយនោះទេ។ ការណ៍នេះ អាចនាំឲ្យមានបញ្ហាសន្តិសុខ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានវៀតណាម នៅថ្ងៃទី២៣ កក្កដានេះ។
បច្ចុប្បន្ននេះ ស្ថានទូតឆេកប្រចាំវៀតណាម នឹងផ្ដល់អាទិភាពតែមួយគត់ សម្រាប់ពលរដ្ឋវៀតណាមរូបណា ដែលចង់ស្នើសុំទិដ្ឋាការសម្រាប់ការជួបជុំគ្រួសារឡើងវិញប៉ុណ្ណោះ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ ប្រជាជនវៀតណាមច្រើនជាង ៦៥ ០០០ នាក់ កំពុងរស់នៅក្នុងសាធារណរដ្ឋឆេក ដែលក្លាយជាក្រុមភាគតិចដ៏ធំបំផុតលំដាប់ទី ៣ ក្នុងប្រទេសនេះ។
យោងតាមការឲ្យដឹងពីក្រសួងការងារវៀតណាម ប្រជាជនវៀតណាមប្រមាណកន្លះលាននាក់ កំពុងរស់នៅ និងធ្វើការ នៅក្រៅប្រទេស។ ជាមធ្យម ពលករវៀតណាមច្រើនជាង ៩ ម៉ឺននាក់ ចាកចេញពីប្រទេសជារៀងរាល់ឆ្នាំ ជាពិសេសពលករខាងផ្នែក អតិពលកម្ម និងការងារមានជំនាញកម្រិតទាប។ កម្លាំងពលកម្មសរុបរបស់វៀតណាម មានចំនួនប្រមាណជាង ៥០ លាននាក់៕