ហ្វីលីពីន​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង ក្រោយ​ទទួល​សញ្ញា​ព្រមាន​ពី​ចិន​កាន់​តែ​ច្រើន​ឡើង

  • 2018-08-01 04:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ហ្វីលីពីន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​មហាយក្ស​ចិន ជុំវិញ​ការ​កើន​ឡើង​សញ្ញា​ព្រមាន​យន្តហោះ និង​នាវា​ហ្វីលីពីន ឲ្យ​ស្ថិតនៅ​ឆ្ងាយ​ពី​កោះ និង​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​ទាមទារ​ដោយ​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ហ្វីលីពីន។

នាវាល្បាត​កងទ័ពចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង (រូបភាព៖ South China Morning Post)
របាយការណ៍​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បង្ហាញ​ថា នៅ​ឆមាស​ទី២ ឆ្នាំ​២០១៧ កន្លង​ទៅ យន្តហោះ​យោធា​ហ្វីលីពីន​បាន​ទទួល​សញ្ញា​ព្រមាន​ចំនួន ៤៦​ដង នៅ​ពេល​កំពុង​ធ្វើ​លំហាត់​ហោះហើរ​នៅ​ជិត​កោះ​សិប្បនិមិត្ត ដែល​សាងសង់​ដោយ​ចិន​ក្នុង​ប្រជុំ​កោះ Spratly នា​ដែន​សមុទ្រ​ចិន​ខាងត្បូង។

សញ្ញា​ព្រមាន​នេះ គឺ​ត្រូវ​បញ្ជូន​ចេញ​មក​ពី​នាវា​ឆ្មាំ​សមុទ្រ​ចិន កាលពី​ឆ្នាំ​មុន ប៉ុន្ដែ​បច្ចុប្បន្ន​នេះ ហ្វីលីពីន​សង្ស័យ​ថា សញ្ញា​ព្រមាន​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កោះ​សិប្បនិមិត្ត​ដែល​ឧបករណ៍​ទំនាក់ទំនង និង​ឈ្លបការណ៍ ត្រូវ​បាន​ដំឡើង​រួចរាល់ រួម​ជាមួយ​សព្វាវុធ​ដែល​មាន​ដូចជា​មីស៊ីល​ជាដើម។

ជាមួយ​គ្នា​នេះ យន្ដហោះ​កងទ័ព​អាកាស​ហ្វីលីពីន ដែល​ធ្វើ​លំហាត់​ហោះហើរ​នៅ​ជិត​កោះ​សាងសង់​ដោយ​ចិន បាន​ទទួល​សញ្ញា​ព្រមាន​ចុងក្រោយ ចំនួន ២​ដង​ជាប់ៗ​គ្នា កាលពី​ខែ​មករា ២០១៨។ ដំបូង​កងទ័ព​ចិន​ព្រមាន​ថា "ចាកចេញ​ជា​បន្ទាន់ និង​រក្សា​ការ​ជៀសវាង​ការ​យល់ច្រឡំ"។ បន្ដិច​ក្រោយ​មក យន្តហោះ​ហ្វីលីពីន​បាន​ទទួល​ការ​គំរាម​តែ​ម្ដង "យន្តហោះ​ហ្វីលពីន ខ្ញុំ​ព្រមាន​អ្នក​ម្ដង​ទៀត ចាកចេញ​ជា​បន្ទាន់ ឬ​អ្នក​នឹង​ទទួល​អាច​ទទួល​ផល​វិបាក​នានា"។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ហ្វីលីពីន៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;