អាមេរិក ផ្តល់ជំនួយយោធាដល់​ស្រីលង្កា​ ដើម្បីកាត់បន្ថយឥទ្ធិពលចិនលើប្រទេសនេះ

  • 2018-08-14 03:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​ដល់​យោធា​ស្រីលង្កា​ចំនួន ៣៩​លាន​ដុល្លារ ដើម្បី​ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ​ ខណៈ​ចិន​ កំពុង​បន្ត​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​នេះ​។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ដកស្រង់​សម្ដី​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ស្រីលង្កា​​ដូច្នេះ​ថា ជំនួយ​ចំនួន ៣៩​លាន​ដុល្លារ​នេះ ​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​សភា​ជាន់ខ្ពស់​អាមេរិក​សិន​ មុន​នឹង​អាច​ផ្ដល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ស្រីលង្កា​បាន។

យោធាស្រីលង្កា ធ្វើព្យុហយាត្រា នាពេល​កន្លង​មក (រូបថត៖ វេបសាយ army.lk)
ស្ថាន​ទូត​ដដែល បាន​បន្ត​ថា «​យើង​ នឹង​ចរចា​ជាមួយ​រដ្ឋាភិបាល​ស្រីលង្កា​អំពី​ការ​ចាត់ចែង​ជំនួយ​នេះ ដើម្បី​ប្រើប្រាស់​លើ​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ដូចជា គំនិត​ផ្ដួចផ្ដើម​ឆកសមុទ្រ​ Bengal ជំនួយ​សប្បុរសធម៌​ និង​ការ​ទប់ស្កាត់​គ្រោះអន្តរាយ​ជាដើម»។

ជំនួយ​សម្រាប់​ប្រទេស​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ គឺ​ធ្វើឡើង ស្រប​ពេល​ដែល​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី២ បន្ត​បង្កើន​ការ​វិនិយោគរបស់ខ្លួន ទៅ​លើ​វិស័យ​កំពង់ផែ និង​គម្រោង​សាងសង់​ផ្សេងៗ​ទៀត​ នៅ​ក្នុង​ប្រទេស​ស្រីលង្កា ដែល​ជា​ច្រក​ដ៏​សំខាន់ នៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម​ហេដ្ឋារចនាសម្ព័ន្ធ​ «​ផ្លូវ និង​ខ្សែក្រវាត់»

សូម​រម្លឹក​បន្តិច​ដែរថា ស្រីលង្កា​ កាល​ពី​ឆ្នាំ២០១៧ បាន​ប្រគល់​កំពង់ផែ​យុទ្ធសាស្ត្រ​មួយ​ ទៅឲ្យទីក្រុង​ប៉េកាំងកាន់កាប់ចំនួន ៩៩ឆ្នាំ ដោយសារ​រដ្ឋាភិបាល​ប្រទេស​នេះ គ្មាន​សមត្ថភាព​ក្នុង​ការ​សងបំណុល​ ដែល​ជំពាក់​ចិន សម្រាប់​គម្រោង​កំពង់ផែ​តម្លៃ​ជាង ១,៤ពាន់​លាន​ដុល្លារ​នេះ។

យ៉ាងណាមិញ រដ្ឋាភិបាល​​ចិន នៅ​តែ​ប្ដេជ្ញា​បន្ត​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ ទៅ​ឲ្យ​ប្រទេស​ស្រីលង្កា បើ​ទោះ​បី​ជា​រង​ការព្រមាន​ ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​នៃ​បំណុល​ដ៏​ច្រើន​លើស​លប់​ របស់​ប្រទេស​[ស្រីលង្កា]នេះ​ក្ដី។

គួរ​បញ្ជាក់​ដែរ​ថា ជំនួយ​របស់​អាមេរិក​សម្រាប់​ប្រទេស​ស្រីលង្កា គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ប្រមាណ​ ៣០០​លាន​ដុល្លារ ដែល​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្ដល់​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង ដើម្បី​ធានា​ឲ្យ​បាន​នូវ «សេរីភាព ​បើក​ទូលាយ និង​របៀបរៀបរយ​តាម​មូលដ្ឋាន​ច្បាប់ នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក»៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;