គណបក្ស​​ចំនួន​៣ បង្ហាញ​ជំហរ​ជុំវិញ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​នាយក​រដ្ឋមន្រ្តី

  • 2018-08-16 02:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​គណបក្ស​ដែល​ចូលរួម​បោះឆ្នោត​ដែល​មិន​ទទួល​បាន​អាសនៈ នៅមុន​ការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មីនា​ពេលខាង​មុខនេះ។ ជុំវិញ​វេទិកា​នេះ គណបក្ស​មួយ​ចំនួន​បាន​បាន​បង្ហាញ​ពី​ជំហរ និង​មតិ​រៀងៗខ្លួន​ដូច​ខាងក្រោម៖

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានប្រកាស​ស្វាគមន៍ ហើយ​ចាត់ទុកថា​ជាការ​ចាប់អារម្មណ៍ និង​ជា​របត់​នយោបាយ​ថ្មី​នៅ​កម្ពុជា ឆ្ពោះ​ទៅរក​ការផ្សះផ្សារ និង​អភិវឌ្ឍន៍​ជាតិ ដើម្បី​ឲ្យ​អ្នក​នយោបាយ ដែល​មិន​ជាប់ឆ្នោត មាន​ឱកាស​ចូលរួម​កា​រងារ​អភិវឌ្ឍន៍​ប្រទេសជាតិ។

​ដោយ​ប្រកាស​ត្រៀមខ្លួន​ចូលរួម​វេទិកា​រវាង​នាយករដ្ឋមន្ត្រី និង​គណបក្ស​ក្រៅ​រដ្ឋសភា នាពេល​ឆាប់ៗ​នេះ លោក ពេជ្រ ស្រស់ បាន​លើកឡើង​ថា នៅពេល​ជួប​ជជែក​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ត្រៀម​ប្រធានបទ ២ សំខាន់ គឺ​ទី​១-​បញ្ហា​កសិកម្ម និង​ទី​២-​ពាក់ព័ន្ធ​នឹង​ច្បាប់​ចូលសញ្ជាតិ​ខ្មែរ​។ លោក​ពេជ្រ​ស្រស់ ក៏​ចង់​ឲ្យ​វេទិកា​នេះ ធ្វើឡើង​រៀងរាល់ ប្រាំមួយ​ខែម្តង ដើម្បី​ផ្តល់ឱកាស​ដល់​គណបក្ស​ក្រៅ​រដ្ឋសភា អាច​ផ្តល់​មតិយោបល់ ជួយ​ដល់​ការងារ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្សយុវជនកម្ពុជា
ចំណែក​គណបក្ស​ធម្មាធិបតេយ្យ របស់លោក​ស្រី ពោធិ​តី សាវត្ថី តាមរយៈ​អ្នកនាំពាក្យ លោក ឆូ​ន ឆ​វ័​ន្ត ក៏បាន​ប្រកាស​ស្វាគមន៍ និង​ត្រៀមខ្លួន ដើម្បី​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់ នាពេល​ខាងមុខ​។

លោក ឆូ​ន ឆ​វ័​ន្ត លើកឡើងថា “​វេទិកា​នេះ ជាការ​បង្រួបបង្រួម​ជាតិ​ផង និង​ដើម្បី​ជួយ​ដល់​ប្រជារាស្ត្រ​ម្ចាស់ឆ្នោត​ផង ហើយក៏​ស្របតាម​ការ​ចង់បានរ​បស់​គណបក្ស​ធម្មាធិបតេយ្យ ដែល​លោកស្រី ពោធិ​តី សាវត្ថី បាន​សរសេរ​លិខិត ដាក់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ ដែល​មិន​ជាប់ឆ្នោត អាច​ធ្វើជា​អ្នក​សង្កេតការណ៍ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា និង​អាច​ផ្តល់​មតិយោបល់ សម្រាប់​ចូលរួម​ក្នុងការ​ពិភាក្សា​អនុម័ត​ច្បាប់​នានា ផងដែរ​”​។

លោក​ស្រី ពោធិ​តី សាវត្ថី ប្រធានគណបក្ស​ធម្មាធិបតេយ្យ

​ដោយឡែក លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចាត់ទុក​វេទិកា​ពិ​គ្រោះ​យោបល់​រវាង​នាយករដ្ឋមន្ត្រី និង​គណបក្ស​ក្រៅ​រដ្ឋសភា​នេះ ថា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​តែងតែ​មាន​វេទិកា​នេះ​។ នេះ​ជា​ឥរិយាបថ ដើម្បី​បន្ថយ​អរិយ​ភាព ជម្លោះ​រវាង​គណបក្ស​នយោបាយ​។ ក៏ប៉ុន្តែ​លោកថា ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនទាន់​ប្រាកដ​ថា នឹង​ចូលរួម ឬក៏​មិន​ចូលរួម​វេទិកា​នេះ​ទេ ដោយនៅ​ចាំមើល​ស្វែងយល់ និង​ពិចារណា​លើ​គម្រោង​រៀបចំ​វេទិកា​នោះ​សិន​។​

លោក យ៉េង វិរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

រីឯ​គណបក្ស​​ផ្សេងៗទៀត​ដូចជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​ក្រោក គណបក្ស​ខ្មែរ​មួយ និង​គណបក្ស​សញ្ជាតិ​កម្ពុជា ក៏​បាន​ប្រកាស​រៀងៗ​ខ្លួន​ផងដែរ ពី​ការ​បង្ហាញ​ជំហ​រគាំទ្រ​ចំពោះ​សម្តេច ហ៊ុន សែន ដែល​ចង់​បង្កើត​វេទិកា​ពិគ្រោះ​យោបល់ រវាង​គណបក្ស​នយោបាយ​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;