កម្ពុជា ខ្ចីកូរ៉េ ៦៧លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨
- 2018-08-23 06:41:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ខ្ចីកូរ៉េ ៦៧លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨
ចន្លោះមិនឃើញ
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណ ៧៥លានដុល្លារ សម្រាប់លើកកម្ពស់ផ្លូវជាតិលេខ៤៨ ទៅជាប្រភេទបេតុងកៅស៊ូ (AC) ក្នុងពេលឆាប់ៗនេះ។ ការថ្លែងនេះ ធ្វើឡើងក្នុងពេលដែលលោកបានដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពផ្លូវជាតិមួយចំនួន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងខេត្តកំពង់ស្ពឺ កោះកុង និងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍របស់នាយកដ្ឋានផ្លូវថ្នល់ បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅខេត្តកោះកុង មានប្រវែងសរុប ៣៥,៥៤ គីឡូម៉ែត្រ លើប្រវែងសរុប ១៥៩,៦០គីឡូម៉ែត្រ ស្មើនឹង២២,២៦%។ ក្នុងនោះរាប់បញ្ចូលទាំងកំណាត់ផ្លូវដែលបានធ្វើការជួសជុលកាលពីឆ្នាំ២០១៧ផងដែរ។
របាយការណ៍ដដែល បានបង្ហាញថា ការខូចខាតនេះ មានការវិវឌ្ឍឆាប់គួរឱ្យកត់សម្គាល់ ដោយហេតុថា ផ្លូវនេះគិតមកដល់ពេលបច្ចុប្បន្ន មានអាយុ១២ឆ្នាំហួសរយៈពេលធានាគុណភាពហើយ ទំហំចរាចរណ៍មានការកើនឡើង និងជាពិសេសគឺការដឹកជញ្ជូនសម្ភារសំណង់ទៅមកខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងដែរថា ក្រសួងសាធារណការ នឹងចាប់ផ្តើមជួសជុលផ្លូវជាតិនេះឡើងវិញ នៅពេលផុតរដូវវស្សាខាងមុខនេះ៕