កម្ពុជា-ថៃ នឹង​បើក​ដំណើរការ​រថភ្លើង​ឆ្លងកាត់​ប្រទេស​ទាំង២ នៅដើម​ឆ្នាំ​២០១៩

  • 2018-08-29 01:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ក្នុងការ​ឈានទៅ​ចុះ​ហត្ថលេខា​រួមគ្នា​លើកិច្ច​ព្រមព្រៀង​ដឹក​ជញ្ជូន​ឆ្លងដែន​តា​មរថភ្លើង​នៅចុងឆ្នាំ​២០១៨ ខាង​មុខ​នេះ ដើម្បី​អាច​បើក​ដំណើរការនូវ​ការ​​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ប្រទេស​ទាំងពីរ​នៅដើម​ឆ្នាំ​២០១៩​ខាងមុខ។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់ AKP កាលពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨។

លោក លី បូរិន អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ឱ្យដឹង​ថា តាម​រយៈ​កិច្ចប្រជុំ​ផ្លូវដែក​សិង្ហបុរី-គុនមិញ នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ពេលថ្មីៗ​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា-ថៃ បាន​បញ្ជាក់​ដូចគ្នា​ថា ភាគី​ទាំងពីរ​បាន​បញ្ជូន​កិច្ចព្រមព្រៀង​ស្តីពី​ការ​ដឹកជញ្ជូន ឆ្លងដែន​តាម​ផ្លូវដែក​ទៅកាន់​ក្រសួង​ការបរទេស​រៀងៗខ្លួន​រួចរាល់​ហើយ។ ប៉ុន្តែ​ខាង​ភាគី​ថៃ​ថា នៅ​រង់ចាំ​សភា​អនុម័ត​បន្ថែម​ទៀត ទើប​អាច​ឈាន​ទៅ​ចុះហត្ថលេខា​រួមគ្នា​ដោយ​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ទំាងពីរ​នៅចុងឆ្នាំ​២០១៨​នេះ។ 

លោក​បាន​បន្ដ​ថា នៅក្នុង​អំឡុងពេល​ចុះ​ហត្ថលេខា​នេះ​ដែរ ភាគី​ថៃ ក៏នឹង​ផ្តល់​ជំនួយ​ក្បាល​រថភ្លើង​ចំនួន ១គ្រឿង​រួមទំាង​ទូ​រថភ្លើង​ចំនួន ៤​ទូ ដើម្បី​បង្ហាញ​ពីការ​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទំាងពីរ​ ព្រមទាំង​បើក​ដំណើរការ​សេវា​ដឹក​ជញ្ជូន​ទំនិញ និង​មនុស្ស​ឆ្លងដែន រវាង​ប្រទេស​ទំាងពីរ​ឱ្យកាន់​តែ​មាន​ភាព​រលូន​ដើម្បី​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ច​ជាតិ។

រថភ្លើងនៅស្ថានីយប៉ោយប៉ែត
លោក លី បូរិន បាន​បន្ដ​ទៀត​ថា នៅពេល​ដែល​ភាគី​ទំាងពីរ កម្ពុជា-ថៃ បាន​ចុះ​ហត្ថលេខា ហើយ​នោះ កម្ពុជា​ក៏គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​អាច បើក​ដំណើរការ​រថភ្លើង​ឆ្លងកាត់​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​​ ក្នុង​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​ប្រទេស​សិង្ហបុរី-គុនមិញ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

គម្រោង​ភ្ជាប់​សេវា​ដឹក​ជញ្ជូន​ទំនិញ និង​មនុស្ស​តាមផ្លូវ​ដែក​រវាង​កម្ពុជា-ថៃ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​កាត់​បន្ថយ​ការ​ខូចខាតផ្លូវ​ជាតិ និង​គ្រោះ​ហានិភ័យ​ផ្សេងៗ​ទៀត ស្របពេល​ដែល​ផ្លូវដែក​ដឹក​ជញ្ជូន​ទំនិញ​បាន​ច្រើន សេវា​មាន​តម្លៃ​ថោក និង​ចំណេញ​ថវិកា​ថែមទៀត។ នេះបើតាម​ការ​លើកឡើង​របស់​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ។

សូម​បញ្ជាក់​ថា ការ​ឈាន​ទៅភ្ជាប់​សេវា​ដឹក​ជញ្ជូន​ផ្លូវដែក​រវាង​កម្ពុជា-ថៃ និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ក្នុង​តំបន់​នេះ បន្ទាប់ពី​កម្ពុជា​បាន​កែ​លម្អ​ផ្លូវដែក​របស់​ខ្លួន ស្របតាម​ស្តង់ដារ ដើម្បី​បម្រើ​សេវា​ដឹកជញ្ជូន​ឆ្លងដែន​អន្តរជាតិ៕

អត្ថបទទាក់ទង៖

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;