គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង និយាយអ្វីខ្លះ មុនដឹកនាំវៀតណាម ប៉ះជាតិខ្លួនឯងល្ងាចនេះ?
- 2018-08-29 02:49:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង និយាយអ្វីខ្លះ មុនដឹកនាំវៀតណាម ប៉ះជាតិខ្លួនឯងល្ងាចនេះ?
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ U-23 វៀតណាម ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Park Hang-seo នឹងត្រូវប៉ះក្រុម U-23 កូរ៉េខាងត្បូង នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Asian Games នាម៉ោង ៤រសៀល ថ្ងៃទី២៩ ខែសីហានេះ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺលោក Park គឺជាមិត្តភក្ដិជិតស្និទ្ធជាមួយលោក Kim Hak-beom គ្រូបង្វឹក U-23 កូរ៉េខាងត្បូងថែមទៀតផង។
មុនការប្រកួតមកដល់ លោក Park បានថ្លែងប្រាប់សារព័ត៌មានវៀតណាមថា៖
"យើងទាំង២នាក់គឺជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នា។ ក្រុមទាំង២ ក៏បានស្នាក់នៅសណ្ឋាគារដូចគ្នាដែរ ដូច្នេះពួកគេបានជួបគ្នាជាញឹកញាប់។ លោក Kim (គ្របង្វឹកកូរ៉េខាងត្បូង) គឺជាគ្រូបង្វឹកដែលមានបច្ចេកទេសបង្វឹកខ្ពស់ រហូតដល់គេហៅលោកថាជា Alex Ferguson នៃ K-League ថែមទៀតផង។ កាលនៅបង្វឹកក្រុមនៅ K-League (លីគកំពូលកូរ៉េ) ពួកយើងបានតទល់គ្នាជាច្រើនលើក។ យើងនឹងព្យាយាមលេងឲ្យបានទាក់ទាញ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ"។
គួររំលឹកផងដែរថា លោក Park ធ្លាប់រួមចំណែកជួយកូរ៉េខាងត្បូង ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០០២ ក្នុងនាមលោកជាជំនួយការលោក Guss Hiddink។ លោកបានចូលដឹកនាំក្រុមជម្រើសជាតិវៀតណាម (ទាំងក្រុមធំ ទាំងក្រុម U-23) កាលពីឆ្នាំ ២០១៧ កន្លងទៅ។ កាលពីដើមឆ្នាំ ២០១៨ លោកបានជួយក្រុម U-23 វៀតណាម ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-23 ជាប្រវត្តិសាស្រ្ដ (ទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយចាញ់អ៊ូបេគីស្ថាន ២-១ ក្នុងម៉ោងបន្ថែម)៕
សូមបញ្ជាក់ថា មុនឡើងមកប៉ះគ្នានៅវគ្គ ៤ក្រុមចុងក្រោយ ក្រុម U-23 វៀតណាម បានយកឈ្នះក្រុម U-23 ស៊ីរី ១-០ ខណៈក្រុម U-23 កូរ៉េខាងត្បូង បានយកឈ្នះអ៊ូបេគេស្ថាន ៤-៣ (ក្រោយម៉ោងបន្ថែម)។ ក្រុមឈ្នះ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវប៉ះជប៉ុន ឬ អារ៉ាប់រួម នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨៕