សម្ដេច ហ៊ុន សែន បកស្រាយ​រឿង​ការ​រួចទោស និង​បញ្ជា​ឲ្យ​មេធាវី​តាម​ទា​រលុយ ៨០០​លាន​រៀល

  • 2018-08-29 02:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន បាន​លើកឡើង​ថា ការ​រួច​ទោស​នាពេល​ថ្មីៗ​កន្លង​មក​នេះ មាន ២​ប្រភេទ គឺ​ការ​រួចទោស​តាមរយៈ​ការ​ស្នើ​សុំ​មក​សម្ដេច​នាយករដ្ឋមន្រ្តី ដើម្បី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​លើកលែង​ទោស និង​ការ​រួច​ទោស​តាមរយៈ​ការ​ផុត​រលត់​នៃ​ទោស។

សម្ដេច ហ៊ុន សែន ថ្លែង​អំឡុង​ជួប​ជាមួយថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ នៅ​វិមាន​សន្ដិភាព
សម្ដេច​នាយករដ្ឋមន្រ្ដី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ពិធី​​ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន​៤ពាន់​នាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃទី២៩ ខែសីហា​នេះ។

សម្ដេចតេជោ​ថា ការ​រួចទោស​តាមរយៈ​ការ​ស្នើ​សុំ​មក​សម្ដេច​នាយករដ្ឋមន្រ្តី ដើម្បី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​លើកលែង​ទោស គឺ​មិន​ចាំបាច់​បង់​សំណង​នោះ​ទេ។ ប៉ុន្ដែ​អ្នក​រួចទោស​តាមរយៈ​ការ​ផុត​រលត់​នៃ​ទោស កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បង់​ប្រាក់​សំណង។ ក្នុង​នោះ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា តាម​ទា​រលុយ ៨០០​លាន​រៀល។

សម្ដេច ហ៊ុន សែន បញ្ជាក់​ថា អ្នក​រួចទោស​តាមរយៈ​ការ​ស្នើ​សុំ​មក​សម្ដេច​នាយករដ្ឋមន្រ្តី ដើម្បី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​លើកលែង​ទោស មាន​ដូចជា​លោក អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា អ្នកស្រី ទេព វន្នី និង​សកម្មជន​មួយ​ចំនួន​ទៀត។

លោក មាជ សុវណ្ណារ៉ា និង​សកម្មជន ១៣​នាក់ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស កាលពី​ពេលថ្មីៗ​កន្លងទៅ

ចំណែក​លោក គឹម សុខ បាន​រួច​ទោស និង​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​លោក​អនុវត្ត​ទោស​រយៈពេល ១​ឆ្នាំ​កន្លះ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​សីហា នេះ។

លោក គឹម សុខ បាន​រួច​ទោស និង​ត្រូវ​បាន​ដោះលែង​ពីពន្ធនាគារ បន្ទាប់​ពី​លោក​អនុវត្ត​ទោស​រយៈពេល ១​ឆ្នាំ​កន្លះ

សូម​បញ្ជាក់​ថា តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក គឹម សុខ អ្នក​វិភាគ​សង្គម ដាក់​ពន្ធនាគារ​រយៈពេល ១៨ខែ និង​ពិន័យ​ជាប្រាក់ ៨លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សង​ជំងឺ​ចិត្ត ៨០០លាន​រៀល ដល់​គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ផែនការ​សម្លាប់​លោក កែម ឡី។ ការ​សម្រេច​នេះ បាន​ធ្វើឡើង​កាល​ពី​រសៀល​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៧​៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;