ខ្សែភាពយន្ត​ចំណាយ​២លាន​ដុល្លារ​ផលិត​នៅ​ខ្មែរ នឹងចូលរួម​ប្រកួត​នៅមហោស្រព​ភាពយន្ត​ពិភពលោក

  • 2018-09-06 00:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតករ​ចិន ត្រៀម​ចំណាយ​ទុន​ប្រហែល​២លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​នៅ​កម្ពុជា ដើម្បី​យក​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ពិភពលោក ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ឡូសអេនជឺឡេស សហរដ្ឋអាមេរិក នា​ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខ​នេះ​។

លោក ថោង ខុន និងលោក ជៀង យុនមីន នៅក្នុងពិធីប្រកាសចាប់ផ្ដើមថតខ្សែភាពយន្ត "ពន្លក​ស្នេហ៍​ដុះ​លើ​ទឹកដី​កម្ពុជា" នៅខេត្តព្រះសីហនុ កាលពីដើមខែកញ្ញាកន្លងទៅ
ថ្លែង​ក្នុង​ពិធី​ប្រកាស​ចាប់ផ្ដើម​ថត​ខ្សែ​ភាពយន្ត​នេះ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ លោក ជៀង យុនមីន (Jiang Yunmin) អ្នកដឹកនាំ​រឿង​នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត (ខេមបូឌា) គ្រុប បាន​ឲ្យ​ដឹង​ថា ភាពយន្ត​ដែល​ថត​នៅ​លើ​ទឹកដី​កម្ពុជា ដើម្បី​យក​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​នេះ មាន​ចំណងជើង​ថា "ពន្លក​ស្នេហ៍​ដុះ​លើ​ទឹកដី​កម្ពុជា" ដោយ​តួអង្គ​មាន​ការ​បញ្ចូល​គ្នា​រវាង​តារា​កម្ពុជា និង​តារា​របស់​ប្រទេស​ចិន​។

អ្នកដឹកនាំ​រឿង ដដែល បាន​បន្ត​ថា ខ្សែភាពយន្ត "ពន្លក​ស្នេហ៍​ដុះ​លើ​ដី​កម្ពុជា" នឹង​ត្រូវ​បាន​ថត​នៅ​នឹង​ទីតាំង​ផ្ទាល់​មួយ​ចំនួន​ដូចជា​នៅ​រាជធានី​ភ្នំពេញ ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត​សៀមរាប កោះរ៉ុង​ក្នុង​ខេត្ត​ព្រះសីហនុ ភ្នំ​បូកគោ​ក្នុង​ខេត្ត​កំពត ជា​ដើម។ ចំណែក​ឯ​ទេសភាព​ក្នុង​ប្រទេស​ចិន​ ត្រូវ​បាន​ជ្រើសរើស​ថត​នៅ​ក្នុង​ក្រុង Teng Chong សង្កាត់ Qiao Xiang ក្រុង Kun Ming ខេត្ត អ៊ីន​ណាន។ លោក​បន្ត​ថា ខ្សែ​ភាពយន្ត​ទាំងមូល គឺ​ផ្តោត​ទៅ​លើ​ស្នេហា​យុវវ័យ​កម្ពុជា និង​ចិន ដែល​ជា​ស្នេហា​ស្មោះស្ម័គ្រ​ឆ្លង​ប្រទេស​ជា​គោល​ចម្បង​។

លោក យុនមីន បន្ថែម​ថា​ ខ្សែភាពយន្ត “ពន្លក​ស្នេហ៍​ដុះ​លើ​ដី​កម្ពុជា” ត្រូវ​បាន​និពន្ធ​ដោយ​លោក Lin Jie អ្នកនិពន្ធ​លំដាប់​កំពូល​ថ្នាក់​ជាតិ​នៃ​ប្រទេស​ចិន និង​អ្នកដឹកនាំ​ជនជាតិ​ចិន​ដ៏​ល្បីល្បាញ​លោក Jiang Yun Min។ ចំណែក​តួឯក​ប្រុស​ ជា​តារា​សម្តែង​ប្រចាំ​ប្រទេស​ចិន​ដែល​ប្រកប​ដោយ​បទពិសោធ​យ៉ាង​ច្រើន​គឺ​លោក Sun Xu Bo និង​តួឯក​ស្រី​ គឺ​ជា​តារា​សម្តែង​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា​គឺ កញ្ញា ផាន់ ផាត់ណា។

កញ្ញា ផាន់ ផាត់ណា

ក្នុង​ពិធី​ប្រកាស​ចាប់ផ្ដើម​ថត​ខ្សែ​ភាពយន្ត​នេះ​ដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ សង្ឃឹម​ថា ការ​ផលិត​ខ្សែ​ភាពយន្ត​នេះ នឹង​រួមចំណែក​ដល់​ការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក និង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បន្ថែម​ទៀត ខណៈ​រាជរដ្ឋាភិបាល​កំពុង​ដាក់​ផែនការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ ឲ្យ​បាន​ប្រមាណ ៦,២លាន​នៅ​ដំណាច់​ឆ្នាំ​២០១៨​នេះ និង​ប្រមាណ ៧លាន​នាក់ នៅ​ត្រឹម​ឆ្នាំ​២០២០​ខាងមុខ៕

រូបថត៖ Khmer Daily

ប្រភព៖ Khmer Daily ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;