អាមេរិក​គំរាម​ចាប់ខ្លួន​ចៅក្រម​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ ដែល​ហ៊ាន​ស៊ើប​លើ​ពលរដ្ឋអាមេរិក

  • 2018-09-11 03:26:42
  • ចំនួនមតិ 53 | ចំនួនចែករំលែក 112

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ២០១៨ ម្សិលមិញ បាន​គំរាម​ចាប់​ខ្លួន និង​ដាក់​ទណ្ឌកម្ម​លើ​ចៅក្រម និង​មន្រ្តី​នានា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ ប្រសិន​បើ​មាន​ការ​ចោទប្រកាន់​ជនជាតិ​អាមេរិក​ណាមួយ ពាក់ព័ន្ធ​នឹង​ឧក្រឹដ្ឋកម្ម​សង្រ្គាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក John Bolton ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក

លោក John Bolton ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក បាន​ចាត់ទុក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថា គ្មាន​គណនេយ្យភាព និង​មាន​គ្រោះថ្នាក់​ទាំង​ស្រុង ដល់​អាមេរិក អ៊ីស្រាអែល និង​សម្ព័ន្ធមិត្ត។ លោក​បន្ថែម​ថា រាល់​ការ​ស៊ើប​អង្កេត​លើ​សមាជិក​កងទ័ព​អាមេរិក​នានា គឺ​ជា​ការ​ស៊ើប​អង្កេត​គ្មាន​មូលដ្ឋាន និង​គ្មាន​យុត្តិធម៌។

លោក​សង្គត់​ធ្ងន់​ថា "ប្រសិនបើ​តុលាការ​មក​ស៊ើប​អង្កេត​យើង អ៊ីស្រាអែល និង​សម្ព័ន្ធមិត្ត​របស់​យើង យើង​នឹង​មិន​អង្គុយ​ស្ងៀម​នោះ​ទេ"។

លោក​ថា អាមេរិក​បាន​រៀបចំ​ទណ្ឌកម្ម និង​ការ​ចោទប្រកាន់​នានា​លើ​មន្រ្តី​តុលាការ ប្រសិនបើ​ពួកគេ​ដំណើរការ​ស៊ើបអង្កេត​លើ​ជនជាតិ​អាមេរិក​ណាមួយ។ "យើង​នឹង​ដាក់​បម្រាម​លើ​ចៅក្រម និង​រដ្ឋអាជ្ញា​នានា មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​នោះ​ទេ។ យើង​នឹង​ដាក់​ទណ្ឌកម្ម​លើ​ប្រាក់​របស់​ពួកគេ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក ហើយ​យើង​នឹង​កាត់ទោស​ពួកគេ​នៅ​ក្នុង​ប្រព័ន្ធ​ព្រហ្មទណ្ឌ​អាមេរិក”។ លោក​ទីប្រឹក្សាសន្ដិសុខ​អាមេរិក​បន្ថែម។

លោក​បញ្ជាក់​ទៀត​ថា “យើង​នឹង​ធ្វើ​ដូចគ្នា សម្រាប់​ក្រុមហ៊ុន ឬ​រដ្ឋ​នានា ដែល​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ណាមួយ​លើ​ពលរដ្ឋអាមេរិក”៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

;