តើ​ចិន​បញ្ជូន​កងទ័ព និង​សព្វាវុធ​ចំនួនប៉ុន្មាន​ទៅ​ចូលរួម​សម​យុទ្ធ​យោធា​ជាមួយ​រុស្ស៊ី?

  • 2018-09-12 00:29:55
  • ចំនួនមតិ 4 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ


សមយុទ្ធ​យុទ្ធសាស្រ្ត​យោធា Vostok-2018 របស់​ប្រទេស​រុស្ស៊ី បាន​ចាប់ផ្ដើម​ហើយ កាលពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ២០១៨ ម្សិលមិញ ដែលមាន​កងទ័ព​រុស្ស៊ី​ប្រមាណ ៣០​ម៉ឺន​នាក់ និង​សព្វាវុធ​ប្រមាណ ៣៧០០០​គ្រឿង​ចូលរួម។

សម​យុទ្ធ​នេះ ក៏​មាន​ការ​ចូលរួម​ពី​កងទ័ព​ចិន​ចំនួន ៣២០០​នាក់ រួម​ជាមួយ​គ្រឿងចក្រយោធាចំនួន ១០០០​គ្រឿង​ ​យន្តហោះ​​​យោធា និង​ឧទ្ធម្ភាគចក្រប្រមាណ ៨០​គ្រឿងផង​ដែរ។ សព្វាវុធ​ចិនត្រូវ​បាន​ដឹក​តាម​ផ្លូវ​រថភ្លើង​ទៅ​កាន់​ប្រទេស​រុស្ស៊ី ដោយ​ប្រើ​រថភ្លើង​ចំនួន ២៨​ខ្សែ។ ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​ប្រទេស​ចិន​បាន​បញ្ជូន​កងទ័ព និង​សព្វាវុធ​ដ៏​ច្រើន​បំផុត ទៅ​ចូលរួម​សម​យុទ្ធ​យោធា​នៅ​ក្រៅ​ប្រទេស។

បើតាម​ការ​លើកឡើង​របស់​លោក Sergei Shoigu រដ្ឋមន្រ្តី​ការពារ​រុស្ស៊ី ទំហំ​នៃការ​សមយុទ្ធ​យោធា​នេះ គឺ​ស្រដៀង​នឹង​ទំហំ​នៃការ​ធ្វើ​សមយុទ្ធ​របស់​អតីត​សហភាព​សូវៀត កាលពី​ខែ​កញ្ញា ឆ្នាំ​១៩៨១​ដែរ ហៅថា "Zapad-81 ឬ West 81"។ ប៉ុន្តែ​ក្នុង​ផ្នែក​ខ្លះ សមយុទ្ធ​ឆ្នាំ​នេះ គឺធំ​ជាង​សមយុទ្ធ​ក្នុង​ឆ្នាំ ១៩៨១ ទៅទៀត។

សម​យុទ្ធ​នេះ​គឺ​ធ្វើឡើង​ក្នុង​រូបភាព​ជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ នៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី ដើម្បី​ត្រៀម​ទប់ទល់​នឹង​សកម្មភាព​អមិត្ត និងការ​ឈ្លានពាន​ទៅលើ​ប្រទេស​នេះ៕

រូបភាព៖ CGTN

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

;