Google Earth ពិត​ជា​បង្ហាញ​រូបរាង​វត្ថុ​ម៉្យាង ស្រដៀង​នឹង​យន្តហោះ ដែល​ធ្លាក់​នៅ​ម្ដុំ​ភ្នំ​ឱរ៉ាល់​កម្ពុជា

  • 2018-09-12 07:04:09
  • ចំនួនមតិ 43 | ចំនួនចែករំលែក 94

ចន្លោះមិនឃើញ


នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ មាន​សារព័ត៌មាន​បរទេស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​​ថា យន្តហោះ MH370 របស់​ម៉ាឡេស៊ី ទំនង​ជា​ធ្លាក់​​នៅ​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា។ យ៉ាង​ណា​មិញ មក​ទល់​នឹង​បច្ចុប្បន្ន មិន​ទាន់​មាន​ភស្តុតាង​ជាក់ស្ដែង​បង្ហាញ​នៅ​ឡើយ​នោះ​ទេ​ថា​វា​ជា​ការ​ពិត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​តាម​រយៈ​ផែន​ទី​ដែល​បង្ហាញ​នៅ​លើ Google Earth វា​ពិត​ជា​មាន​រូបរាង​វត្ថុ​ម៉្យាង​ដូច​ទៅ​នឹង​យន្តហោះ​ប្រាកដ​មែន​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។ វត្ថុ​រាង​ដូច​យន្តហោះ​នោះ​ស្ថិត​នៅ​ម្ដុំ​ព្រៃ​ក្រាស់ នា​ភ្នំ​ឱរ៉ាល់ ចន្លោះ​ព្រំ​ប្រទល់​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ពោធិ៍សាត់។

សូម​ទស្សនា​រូបភាព​វត្ថុ​មាន​រាង​យន្តហោះ​នៅ​ក្នុង​ព្រៃ​ភ្នំ​ឱរ៉ាល់ ប្រទេស​កម្ពុជា ដែល​បង្ហាញ​ដោយ Google Earth ដូច​ខាង​ក្រោម៖

វត្ថុ​ម៉្យាង​រាង​ដូច​យន្តហោះ នៅ​ម្ដុំ​ភ្នំឱរ៉ាល់​ ប្រទេស​កម្ពុជា (រូបភាព​ដែល [ខ្លីៗ] កាត់​ពី Google Earth)
វត្ថុ​ម៉្យាង​រាង​ដូច​យន្តហោះ នៅ​ម្ដុំ​ភ្នំឱរ៉ាល់​ ប្រទេស​កម្ពុជា (រូបភាព​ដែល [ខ្លីៗ] កាត់​ពី Google Earth)

បើ​ចង់​​ជ្រាប​កាន់​តែ​ច្បាស់ អាច​ចុច​តាម​រយៈ​តំណ Link មួយ​នេះ ដើម្បី​ចូល​ទៅ​កាន់ Google Earth។

សូម​រំលឹក​ថា ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែល​ថា MH370 ធ្លាក់​នៅ​កម្ពុជា ត្រូវ​អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក កែវ ស៊ីវន បាន​ធ្វើ​ការ​បដិសេធ។ លោក កែវ ស៊ីវន បាន​បញ្ជាក់​ប្រាប់ [ខ្លីៗ]​ នៅ​ថ្ងៃ​ទី​៤​កញ្ញា​ថា ប្រសិន​បើ​នេះ​ជា​រឿង​ពិត ទោះ MH370 ធ្លាក់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​នឹង​រុករក​ឃើញ​មិន​ខាន។ ប៉ុន្តែ​​វា​គ្រាន់​តែ​ជា​ព័ត៌មាន​ប្រឌិត​តែ​ប៉ុណ្ណោះ។

ព័ត៌មាន​ធ្លាក់ MH370 នៅ​កម្ពុជា ចាប់​ផ្ដើម​ចុះ​ផ្សាយ​ដំបូង​ឡើយ​ដោយ​សារព័ត៌មាន​អង់គ្លេស​ឈ្មោះ Daily Star។ Daily Star បាន​ស្រង់​សម្ដី​លោក Ian Wilson អ្នក​ជំនាញ​បច្ចេកវិទ្យា​ម្នាក់ ដែល​អះអាង​ពី​ការ​រក​ឃើញ​បំបែក​យន្តហោះ MH370 តាម​រយៈ Google Maps និង Google Earth។ លោក​ថា បំបែក​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​តំបន់​ព្រៃ​ខ្ពស់​មួយ​ ស្ថិត​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​បញ្ជាក់​ថា បំបែក​នោះ​មាន​ប្រវែង​ប្រមាណ​ជា ៧០​ម៉ែត្រ ខណៈ​ដែល MH370 មាន​ត្រឹម ៦៣,៧​ម៉ែត្រ។ ប៉ុន្តែ​លោក Wilson ប្រាប់​ថា ប្រវែង​ដែល​លើស​ខ្វះ​គ្នា​នេះ​អាច​បណ្ដាល​មក​ពី​ការ​បែកបាក់​តួ​ខ្លួន និង​កន្ទុយ​យន្តហោះ។

យន្តហោះរបស់​អាកាសចរណ៍ម៉ាឡេស៊ី នៅព្រលានយន្តហោះកូឡាឡាំពួរ (រូបថត៖ slideshare.net)

គួរ​បញ្ជាក់​ថា យន្តហោះ MH370 បាន​បាត់ខ្លួន ​កាល​ពី​ឆ្នាំ​២០១៤ ជាមួយ​មនុស្ស ២៣៩ ដែល​នៅ​លើ​យន្តហោះ។ យន្តហោះ​នេះ បាន​ធ្វើដំណើរ​ពីក្រុង​កូឡាឡាំពួរ ទៅកាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន ប៉ុន្តែ​បាន​បាត់​ពី​រ៉ាដា ពេល​កំពុង​ធ្វើដំណើរ។ ការ​បាត់​ខ្លួន​របស់ MH370 ត្រូវ​ចាត់​ទុក​ជា​អាថ៌​កំបាំង​ដ៏​ធំ​បំផុត​មួយ​ ក្នុង​ប្រវត្តិសាស្ត្រ៕

អត្ថបទ៖ ឈាង.

;