សម្តេច ហ៊ុន សែន ផ្តល់​អនុសាសន៍​៤ចំណុច​ឱ្យ​អាស៊ាន ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

  • 2018-09-12 09:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​លើកទី២៧ ដែល​ធ្វើឡើង​នៅក្រុង​ហាណូយ ប្រទេស​វៀតណាម នាថ្ងៃ​ទី១២កញ្ញា​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ថា អាស៊ាន​គួរតែ​អនុវត្តនូវ​វិធានការណ៍​ចំនួន​៤ ដើម្បី​ចាប់​យក​នូវការ​អភិវឌ្ឍ​ជា​វិជ្ជមាន។ ៤​ចំណុច​នោះ​រួមមាន៖

១. បង្កើត​នូវ​ចក្ខុវិស័យ​អាស៊ាន​រួម​មួយ​អំពី​ឧស្សាហកម្ម ៤.០ (ASEAN Vision for Industry 4.0) ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​បរិយាប័ន្ន ដោយ​ផ្អែកលើ​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន ដែល​មាន​ស្រាប់ ព្រមទាំង​រួម​បញ្ចូល​កម្មវិធី​អភិវឌ្ឍន៍​សំខាន់ៗ លើផ្នែក​បច្ចេកវិទ្យា ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ក្របខណ្ឌ​គតិយុត្តិ ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកទន់ និង​រឹងរបស់​បច្ចេកវិទ្យា​ព័ត៌មាន និង​កម្មវិធី​កែទម្រង់​របស់​អាស៊ាន និង​ប្រទេស​ជាសមាជិក​នីមួយៗ​ផងដែរ។

២. រៀបចំកម្មវិធី​រួម​ពង្រឹង​សមត្ថភាព​មនុស្ស តាមរយៈ​ការ​លើក​កម្ពស់​គុណភាព​នៃការ​អប់រំ ការ​បណ្តុះ​បណ្តាល​ជំនាញ​ការ​ដោះស្រាយ​បញ្ហា​បាត់បង់​ការងារ ការ​រៀបចំ​ប្រព័ន្ធ​គាំពារ​សង្គម ដើម្បី​ដោះស្រាយ​បញ្ហា​វិសមភាព​សេដ្ឋកិច្ច និង​សង្គម។

៣. លើក​កម្ពស់​ការ​រៀបចំ​ជាប្រព័ន្ធ​អេកូឡូហ្សី ដែល​គាំទ្រ​ការស្រាវជ្រាវ និង​នវានុវត្តន៍​ក្នុង​តំបន់ ពង្រឹង​នូវ​សមត្ថភាព​សហគ្រិនភាព ក្នុង​ការ​រៀបចំ​ម៉ូឌែល​ធុរកិច្ច បង្កើត​ការងារថ្មី និងតម្រង់ទិសថ្មី​របស់​សេដ្ឋកិច្ច​នាពេល​អនាគត។

៤. បន្ត​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងផ្នែករឹង និង​ទន់ ជាពិសេស​បង្កើន​ការតភ្ជាប់​ដែល​មាន​ស្រាប់​ ក៏ដូចជា​ការបន្ត​ធ្វើសមាហរណកម្ម​ទាំង​ក្នុង​តំបន់ និង​អន្តរតំបន់ ដើម្បី​បន្ត​កសាង​មូលដ្ឋាន​គ្រឹះរឹងមាំ សម្រាប់​ប្រជាជាតិ​អាស៊ាន ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ស្ថានភាព​កំណើន​ថ្មី​ក្នុង​ពិភពលោក​នេះ។

សម្តេច ហ៊ុន សែន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នៅក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២កញ្ញា ២០១៨។ រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សូម​បញ្ជាក់​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​លើកទី​២៧នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «អាស៊ាន ៤.០៖ សហគ្រិនភាព និង​បដិវត្តន៍​ឧស្សាហកម្ម​លើកទី៤» ពីថ្ងៃទី​១១ ដល់ ១៣ ខែ​កញ្ញា ឆ្នាំ​២០១៨។

បើតាម​ការ​ថ្លែង​សុន្ទរកថា​របស់​សម្តេច ហ៊ុន សែន ក្នុង​វេទិកា​នេះ ឱ្យដឹង​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី៤ កំពុង​បង្ហាញ​ពីការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​នៅក្នុង​ពិភពលោក ដែល​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​លើការ​កំណត់​ឡើងវិញ​នូវ​កត្តា​ផលិតកម្ម ទំនាក់ទំនង​ផលិតកម្ម ឥរិយាបថ​ការ​ប្រើប្រាស់ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ដូចជា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (AI), ការ​ប្រើប្រាស់​មនុស្ស​យន្ត (Robot), ការបោះពុម្ព 3D, ការប្រើប្រាស់​បច្ចេកទេសជីវវិទ្យា (Biotech)។ បច្ចេកវិទ្យា​ទាំងនេះ បាន​ធ្វើឱ្យមានការផ្លាស់ប្តូរ​យ៉ាងលឿន​ក្នុងល្បឿន​មួយ​ដែលមិន​ធ្លាប់មាន​ពី​មុន​មក​ក្នុង​វិស័យ​ផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារ​ការងារ ពាណិជ្ជកម្ម ធុរកិច្ច រដ្ឋបាលសាធារណៈ និង​បច្ចេកវិទ្យា៕

អត្ថបទទាក់ទង៖ សម្តេច ហ៊ុន សែន នឹង​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​វៀតណាម

អត្ថបទ៖ សំភី

អត្ថបទថ្មី
;