​ប៉េតង់​កម្ពុជា​ ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ទ្វីប​អាមេរិក

  • 2018-09-12 13:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ប្រតិភូ​កីឡាករ​ប៉េតង់​កម្ពុជា​បាន​ចេញ​ដំណើរ ដើម្បី​ចូលរួម​ប្រកួតប្រជែង មេដាយ​នៅ​ក្នុង​ព្រឹត្តិ ការណ៍​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​ផ្នែក​បុរស លើក​ទី​៤៨ នៅ​ទីក្រុង Quebec ប្រទេស កាណាដា ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា។

ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក អ៊ិន គឹមស្រ៊ុន ប្រធាន​ប្រតិភូ និង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​គូស​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​នេះ​សហព័ន្ធ​បាន​បញ្ជូន​គ្រូ​បង្វឹក​ម្នាក់ និង​កីឡាករ​៤នាក់ រួមមាន កីឡាករ សុខ ចាន់មាន កីឡាករ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន និង​កីឡាករ ស៊ីន វង់ ដែលត្រូវ​ប្រកួត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ឯកត្តជន និង​វាយ ៣នាក់​ទល់ ៣នាក់​បុរស។

ប្រតិភូ​កីឡាករ​ប៉េតង់​កម្ពុជា​បាន​ចេញ​ដំណើរ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៨ (រូបថត៖ AKP)

លោក អ៊ិន គឹមស្រ៊ុន ចាត់​ទុក​ថា ក្រុម​ប៉េតង់​របស់​កម្ពុជា​គឺ​ជា​ក្រុម​ខ្លាំង​មួយ​ជាមួយ​ក្រុម​ថៃ នៅ​ក្នុង​ទ្វីប​អាស៊ី ហើយ​នៅ​បណ្តា​ទ្វីប​ទាំងអស់​មាន​ប្រហែល​តែ ២​ប្រទេស ក្នុង​ទ្វីប​នីមួយៗ ដែល​ខ្លាំង​ៗ។ លោក​បាន​បន្ដ​ទៀត​ថា ការ​ប្រកួត​ជើងឯក​ពិភពលោក​នេះ មាន​តែ​ ២វិញ្ញាសា ប៉ុណ្ណោះ​ស្មើនឹង​មេដាយ​មាស​តែ​ ២គ្រឿង​ប៉ុណ្ណោះ ដូច្នេះ​ការ​ឈ្នះ​ទម្រាំ​បាន​មេដាយ​មាស ឬ​មេដាយ ក្នុង​កម្រិត​ប្រាក់ ឬ​សំរឹទ្ធិ គឺ​ជា​រឿង​លំបាក​បំផុត ដែល​មេដាយ​តែ​១ត្រូវ​ប្រជែង ដោយ​អត្ត​ពលិក​មក​ពី​ជាង៤០ ប្រទេស​។

សូម​រំឭក​ថា ម្ចាស់​មេដាយ​មាស​ជើងឯក​ពិភពលោក ឆ្នាំ​២០១៦ កីឡាករ សុខ ចាន់មាន ត្រូវ​លេង​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ស្រប​ពេល​ដែល​កីឡាករ ៣​នាក់​ទៀត គឺ​ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន និងកីឡាករ ស៊ីន វង់ ត្រូវ​លេង​លើ​វិញ្ញាសា ៣នាក់ទល់៣​នាក់​៕


អត្ថបទ៖ លាភ.