រមណីយដ្ឋាន​ទឹក​ធ្លាក់​៧ជាន់​ជ្រាវ កំពុង​ស្រូប​ទាញ​ទេសចរ​កាន់​តែ​ច្រើន

  • 2018-09-13 06:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​ក្រុង​ច្បារមន ទី​រួម​ខេត្ត​កំពង់ស្ពឺ ទឹក​ធ្លាក់​ជ្រាវ​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ ដែល​មាន​ទឹកធ្លាក់​រហូត​ដល់​៧​ជាន់ ហើយ​មាន​ជម្រាល​ច្រើន​ដំណាក់​អំណោយផល​ដល់​ការ​ងូត​ទឹក​កម្សាន្ត​លេង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

ទឹក​ធ្លាក់​ជ្រាវ​ស្ថិត​នៅ​ក្នុង​ភូមិ​តាំសំរោង ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ហើយ​វា​ជា​ទី​កម្សាន្ត​គាប់​ចិត្ត​របស់​ភ្ញៀវ​ទេសចរ​ដែល​មិន​ប្រាថ្នា​ដើរ​ផ្សងព្រេង លើ​វិថី​វែង​ឆ្ងាយ​គឺ​គ្រាន់​តែ​ចត​យាន​ជំនិះ​ភ្លាម​បោះ​ជំហាន​ប្រមាណ​ជា​មួយ​រយ​ម៉ែត្រ លោក​អ្នក​នឹង​ទៅ​ដល់​ទឹក​ធ្លាក់​ដំណាក់​ទី​១ ដែល​មាន​ជម្រាល​ទឹក​ហូរ​សម្រាប់​ងូត​លេង​កម្សាន្ត។​ ដោយ​ឡែក​នៅ​ដំណាក់​ទឹក​ធ្លាក់​ទី២ ភ្ញៀវ​ទេសចរ​អាច​ងូត​ទឹក ហូបចុក​ចំណី​អាហារ​ថ្ងៃ​ត្រង់​ក្រោម​ម្លប់​ដើម​ឈើ ឬ​ក្បែរ​ល្បាក់​ទឹក​ធ្លាក់។ ដំណាក់​ទី​២នេះ​មាន​ជម្រាល​៣​គន្លាក់ ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ពី​ដំណាក់​ទី​១។ ប៉ុន្តែ​ជា​ទម្លាប់ ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ភាគ​ច្រើន​ចូលចិត្ត​នាំ​គ្នា​ងូត​ទឹក និង​ហែល​លេង​នៅ​ខ្សែ​ទឹក​ខាង​លើ ដោយ​ហេតុ​ថា អ្នក​លេង​កម្សាន្ត​ខ្សែ​ទឹក​ខាង​ក្រោម​អាច​រង​គ្រោះ​ដោយសារ​សំណល់​សំរាម​ផ្សេងៗ។

ចំណែក​ឯ​ទឹក​ធ្លាក់​ដំណាក់​ទី​៣​ដល់​ដំណាក់​ទី​៧ ស្ថិត​នៅ​ឆ្ងាយ​ដែល​ភ្ញៀវ​ទេសចរ​ត្រូវ​ចំណាយ​ពេល​ដើរ​ឡើង​ភ្នំ​រាប់​ម៉ោង ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មិន​ចង់​បន្ត​ដំណើរ​ទៀត​នោះ​ទេ។ បើ​ទោះ​បី​ជា​អ្នក​ភូមិ​អះអាង​ថា នៅ​ដំណាក់​បន្ទាប់​មាន​ទឹកធ្លាក់​កម្ពស់​រហូត​ដល់​ជាង​៣០​ម៉ែត្រ ហើយ​មាន​ទេសភាព​ស្រស់​ស្អាត​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​មនុស្ស​តិច​តួច​ណាស់​តស៊ូ​ស្រឡាញ់​បរិស្ថាន​ស្ងប់​ស្ងាត់ បន្ត​ដំណើរ​ដល់​ដំណាក់​ទី​៧​ជាទី​ស្ថាន​លាក់​ខ្លួន​ក្នុង​ធម្មជាតិ។

លោក សុខ សុភា អភិបាល​រង​​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ ខែ​កញ្ញា ឆ្នាំ​២០១៨ថា ទឹក​ធ្លាក់៧​ជាន់​ជ្រាវ ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ពិត​ៗ ​និង​ជា​តំបន់​បែប​ទាក់​ទាញ​ដែល​ខេត្ត​កំពុង​អភិវឌ្ឍ​ ដើម្បី​ប្រែ​ក្លាយ​តំបន់​នេះ​ឱ្យ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​នា​ថ្ងៃ​អនាគត។ លោក​បាន​បន្ត​ថា កិច្ច​សហការ​គ្នា លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​មាន​ប្រយោជន៍​ច្រើន ដូច​ជា ជួយ​កាត់​បន្ថយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​គេ ដែល​នាំ​ឱ្យ​ខាត​បង់​ថវិកា និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​មាន​ប្រាក់​ចំណូល​បង្កើន​ជីវភាព​គ្រួសារ​បាន​ប្រសើរ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;