«បំណុលឈាមឪពុក» ភាពយន្តខ្មែរ ដែល​មាន​ឥទ្ធិពលបំផុតនៅប្រទេសថៃ

  • 2018-09-18 04:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុងដើម​ទសវត្ស​ឆ្នាំ ១៩៧០ ភាពយន្តខ្មែរមានសន្ទុះខ្លាំង រហូតមានឥទ្ធិពលដល់​ប្រទេស​ជិតខាង ដូចជាប្រទេស​ថៃ​ ជាដើម។ ​តាមការស្រាវជ្រាវ​របស់ក្រុម​ព្រះសុរិយា បាន​ឲ្យដឹងថា ខ្សែ​ភាពយន្ត​ខ្មែរ​​ដែល​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​សំណាក់​ប្រជាជន​ថៃ គឺ​រឿង «បំណុលឈាមឪពុក»

Poster រឿង «បំណុលឈាមឪពុក» ដែល​ចាក់​ផ្សាយនៅប្រទេសថៃ
ប្រភព​ដដែល​ បញ្ជាក់ថា រឿង **«បំណុលឈាមឪពុក»** បាន​ធ្វើឲ្យអ្នកផលិតភាពយន្តនៅប្រទេសថៃសរសើរ ​ថា​ជា​ភាពយន្ត​ដែល​មាន​គុណភាព ​គួរឱ្យជាប់ចិត្ត។

និយាយពីលក្ខណៈពិសេសនៃភាពយន្តនេះវិញ តំណាងក្រុមព្រះសុរិយា លោក ឆោម វិរៈ លើកឡើងថា៖ «ភាពយន្តនេះមានលក្ខណៈពិសេសច្រើន គឺជាភាពយន្តបុរាណបែបផ្សងព្រង ក្រោមស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោក ឡុង ស៊ីដេត»។ ក្នុងនោះក៏ទទួលបានការជួយជ្រោមជ្រែងពីព្រះអង្គម្ចាស់ក្សត្រីស៊ីសុវត្ថិសាម៉ន ម៉េត ផងដែរ។

រឿង «បំណុលឈាមឪពុក» សម្ដែងដោយកំពូលតារាភាពយន្តដ៏ល្បីល្បាញនៃកម្ពុជា មាន លោក ជា យុទ្ធថន និង លោក គង់ សំអឿន បានសម្តែងរួមគ្នា ជាលើកទី២ បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាម្តង ក្នុងរឿង «ស្រមោលអតីតកាល»។ បន្ថែមលើនេះ អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី និង ភួង ផាវី ក៏បានសម្តែងរួមគ្នា រួមទាំងតារាល្បីជាច្រើនទៀត ដូចជា លោក ឱ ឌុំ លោក ប៉ិច សាលឿន នាយ ត្រង់ដឺ ឡូ តូ ជាដើម។

តារាសម្ដែង លោក គង់ សំអឿន នាងទិត្យ វិជ្ជរ៉ាដានី

ភាពយន្តនេះបានដាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្ត អេមផាអឺ ប្រទេសថៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧១ ដោយមានពិធីសម្ពោធដ៏​ធំមួយ ដែល​មានការចូលរួមពីវង់តន្រ្តីល្បីៗជាច្រើនវង់ប្រចាំរាជធានីបាងកក។ កាលណោះត្បិតតារាភាពយន្តខ្មែរ ពុំបានទៅចូលរួមសម្ពោធក៏ពិតមែន តែ លោក ឡុង ស៊ីដេត ជាអ្នកដឹកនាំរឿងខ្មែរ បានទៅចូលរួមជាតំណាងដ៏មានកិត្តិយសរបស់ប្រទេសកម្ពុជា។

លោក ជា យុទ្ធថន

ភាពយន្តនេះផងដែរ ក៏មានការចូលរួមសម្ដែងដោយតួស្រីខ្មែរម្នាក់ទៀត គឺ អ្នកស្រី សេង បុទុម។ អ្នកស្រី បានសម្តែងឈុតឆាកសិចស៊ី រហូតដល់ប្រជាជនថៃសរសើរ និងប្រៀបធៀបជាមួយតួសិចស៊ីប្រចាំប្រទេសថៃ គឺនាង មេតារ៉ុងរ៉ាត់។ នេះបើតាមឲ្យដឹងពីលោក ឆោម វីរៈ។

ឈុត​មួយ​នៅ​ក្នុង​រឿង "បំណុលឈាមឪពុក"

ខ្សែភាពយន្ត «បំណុលឈាមឪពុក» នេះ មានចម្រៀងចំនួនបីបទគឺ៖

បទ «ស្នេហាក្នុងពេលរាត្រី» ច្រៀងដោយលោក ស៊ីន ស៊ី សាមុត និងអ្នកស្រី រស់ សេរីសុទ្ធា

បទ «ជម្រកស្នេហ៍» ច្រៀងដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉ន

បទ «បំណុលឈាមឪពុក» ច្រៀងដោយលោក ស៊ី​ន ស៊ីសាមុត លោក អ៊ិន យ៉េង អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី រស់ សេរីសុទ្ធា

ប្រភពរូបថត​៖ ក្រុមព្រះសុរិយា

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទថ្មី
;