អាជ្ញាធរជាតិអប្សរាពន្យល់ពី សមរាត្រី ទាក់ទងនឹងអង្គរវត្ត
- 2018-09-19 03:21:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជាតិអប្សរាពន្យល់ពី សមរាត្រី ទាក់ទងនឹងអង្គរវត្ត
ចន្លោះមិនឃើញ
តាមការសិក្សារបស់អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើតាមការឲ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
អាជ្ញាធរជាតិអប្សរាបានពន្យល់ថា ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន ២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
សមរាត្រីជាវេលាដែលថ្ងៃនិងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃ មានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់ មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាល ដែលគេអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង ៥:៥០នាទី ដល់ម៉ោងប្រហែល ៧ព្រឹក៕