កីឡា​ការិនី​​កម្ពុជា យក​ឈ្នះ​ជប៉ុន អាល្លឺម៉ង់ បន្ត​ដំណើរ​ដណ្ដើម​ជើងឯក​ប៊ីយ៉ា​ពិភពលោក

  • 2018-09-19 12:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​ស្នូក​ឃ័រ និង​ប៊ីយ៉ា​ឆ្នើម​របស់​កម្ពុជា ស្រួង ភាវី បាន​កក់​កៅ​អី​វគ្គ ៨នាក់​ចុងក្រោយ (វគ្គ ១/៤) នៃ​ការ​ប្រកួត​កីឡា​ប៊ីយ៉ា​ជ្រើសរើស​ជើងឯក​ពិភពលោក 3-Cushion – World Championship Ladies លើក​ទី៨ នៅ​ប្រទេស​ទួកគី​ហើយ បន្ទាប់ពី​បាន​យក​ឈ្នះ​កីឡា​ការិនី​ជើងខ្លាំង​ជប៉ុន និង​អាល្លឺម៉ង់ ក្នុង​វគ្គ​ជម្រុះ​ពូល A កាលពី​ល្ងាច​ថ្ងៃទី​១៨​កញ្ញា​ ឆ្នាំ​២០១៨​។ នេះ​បើ​យោង​តាម​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ។

កីឡា​ការិនី​ស្នូក​ឃ័រ និង​ប៊ីយ៉ា​ឆ្នើម​របស់​កម្ពុជា ស្រួង ភាវី (រូបថត៖ គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ)
ការ​ប្រកួត​នេះ​បែងចែក​ជា ៤​ពូល ហើយ​ក្នុង​មួយ​ពូល​មាន ៤​នាក់ ខណៈ​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី ស្ថិត​ក្នុង​ពូល​ A ជាមួយ​គូប្រជែង ៣​ប្រទេស រួមមាន​ជប៉ុន អាល្លឺម៉ង់ និង​ដាណឺម៉ាក ។ ប៉ុន្ដែ​ឆ្លង​កាត់ ២​ប្រកួត​បើក​ឆាក ភាវី ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ទទួល​បាន​ជ័យជម្នះ​ផ្ទួនៗ ក្នុង​នោះ​ប្រកួត​ទី១ ភាវី ឈ្នះ​កីឡា​ការិនី​ជប៉ុន Orie HIDA ដោយ​លទ្ធផល ២៥-២៤​ពិន្ទុ និង​ប្រកួត​ទី២ យក​ឈ្នះ​កីឡា​ការិនី​អាល្លឺម៉ង់ Steffi DASKE ដោយ​លទ្ធផល ២៥-១១​ពិន្ទុ។

តាម​រយៈ​ជ័យជម្នះ​ខាងលើ បាន​ធ្វើឲ្យ​កីឡា​ការិនី​តំណាង​កម្ពុជា​រូបនេះ កក់​កៅអី​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​តែ​ម្ដង ទោះបី​ជា​នាង​សល់ ១​ប្រកួត​ក្នុង​ដៃ ដែល​ត្រូវ​ជួប​កីឡា​ការិនី​ដាណឺម៉ាក Jeanette JENSEN ក៏ដោយ​។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី១ ហើយ ដែល​កីឡា​ការិនី ស្រួង ភាវី បាន​ចូលរួម​ប្រកួត​កីឡា​ប៊ីយ៉ា​ជ្រើសរើស​ជើងឯក​ពិភពលោក ក្នុង​នាម​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់ពី​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​ឃ្នូកឃ័រ និង​ប៊ីយ៉ា​ផ្លូវការ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​។ ក៏​ប៉ុន្ដែ​នេះ​មិនមែន​ជា​លើក​ទី​១ ដែល​ ភាវី បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឡើយ ពោល​គឺ ភាវី ក៏​ធ្លាប់​ដណ្ដើម​បាន​ជើងឯក​រង​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០១៥ ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​អាមេរិក ក៏ដូចជា​ការ​ដណ្ដើម​ជើងឯក​ពានរង្វាន់​អន្ដរ​ជាតិ​ផ្សេងៗ​ជាច្រើន​ទៀត៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;