លោក ស៊ិក ប៊ុនហុក មិនបានខកចិត្តចំពោះអគារ គ.ជ.ប ដែលនៅជាប់នឹងណាហ្គាឡើយ
- 2018-09-20 07:14:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ិក ប៊ុនហុក មិនបានខកចិត្តចំពោះអគារ គ.ជ.ប ដែលនៅជាប់នឹងណាហ្គាឡើយ
ចន្លោះមិនឃើញ
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនបានសម្តែងនូវការខកចិត្តណាមួយ ចំពោះអគារ គ.ជ.ប ថ្មីដែលស្ថិតនៅជាប់នឹងអគារណាហ្គាឡើយ។ នេះបើតាមការបញ្ជាក់របស់លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅថ្ងៃទី២០កញ្ញានេះ បន្ទាប់ពីមានសារព័ត៌មានមួយបានចុះផ្សាយថា "ប្រធាន គ.ជ.ប មិនពេញចិត្តនឹងទីតាំងថ្មីរបស់ស្ថាប័ននេះ ស្ថិតនៅជាប់ជាមួយអគារកាស៊ីណូ ណាហ្គា វើល (Naga World)"។
លោក សោម សូរីដា បានថ្លែងថា ការចេញផ្សាយបែបនោះ វាហាក់ដូចជាហួសពីអារម្មណ៍របស់ប្រធាន គ.ជ.ប ដែលបានលើកឡើង។ លោកបានបន្តថា នៅពេលដែលមកធ្វើការនៅអគារ គ.ជ.ប ថ្មីនេះ ប្រធាន គ.ជ.ប ឲ្យមន្ត្រីនៅក្រោមឱវាទទាំងអស់ យកចិត្តថែរក្សាអនាម័យ សោភ័ណភាព ការស់នៅល្អ ធ្វើការងារល្អ ដើម្បីឲ្យស្របគ្នាទៅនឹងអគារដែលថ្មី និងទំនើបនេះ មានន័យថា ប្រធានគ.ជ.ប ពេញចិត្តនឹងទីតាំងថ្មីនេះ។
សូមរំលឹកថា លោក ស៊ិក ប៊ុនហុក ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រង់សម្តី ដែលលោកបានថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតឆ្នាំ២០១៨ កាលពីថ្ងៃទី១៨កញ្ញាថា លោកមិនពេញចិត្តអគារ គ.ជ.ប ថ្មីដែលសាងសង់ជើងសសរជាប់នឹងក្រុមហ៊ុនកាស៊ីណូណាហ្គានោះទេ។ លោកថាអគារថ្មីនេះ មិនមែនជាជម្រើសរបស់លោកទេ ហើយថាច្រកចេញចូលក្នុងអគារ គ.ជ.ប មិនទាន់រៀបចំឱ្យបានរៀបរយនៅឡើយទេ។
កាសែតនេះ បានដកស្រង់សម្តីលោកប្រធាន គ.ជ.ប បន្ថែមទៀតថា៖ «កន្លែងល្បែងមិនមែនកន្លែងស្រួលចិត្តទេ។ វាជាកន្លែងដែលគេឈ្នះចាញ់...វាមិនស្រួលទេ វាមានសម្ពាធ។ វាគួរតែនៅកន្លែងណា ដែលវាស្រឡះមានតែឯង រឿងនេះគឺជារឿងទៅមុខទៀត តែឥឡូវនេះរំដោះពីកន្លែងខ្ចីគេមកសិន (កន្លែងចាស់ក្រសួងមហាផ្ទៃ)»។
សូមជម្រាបថា អគារទីស្ដីការថ្មីរបស់ គ.ជ.ប មានកម្ពស់ ១៥ជាន់ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរកាលពីឆ្នាំ២០១៧។ អគារតម្លៃជាង ១២លានដុល្លារនេះ មានទីតាំងស្ថិតនៅស្ថិតនៅដីឡូត៍លេខ១ វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខពុទ្ធសាសនបណ្ឌិត្យ និងវិមានរដ្ឋសភា ពោលគឺស្ថិតនៅជាប់អគារកាស៊ីណូណាហ្គា៕