គម្រោង​​លំនៅដ្ឋាន​ប្រណិត​​ថ្មី​មួយទៀត លេច​រូបរាង​កណ្ដាល​រាជធានី​ភ្នំពេញ

  • 2018-09-20 08:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ផ្ទះ​វីឡា Residence90 (R90) ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញស៊ីធីសេនធ័រ​ (PPCC) ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ នាព្រឹក​ថ្ងៃទី២០ ខែកញ្ញា​នេះ។

លោកស្រី Michelle Lau នាយកប្រតិបត្តិក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានឲ្យដឹងថា ផ្ទះវីឡាចំនួន ៨៧ខ្នង នៅ​ក្នុង​គម្រោង​ថ្មី​នេះ មានបំពាក់​នូវ​បច្ចេកវិទ្យាចុងក្រោយ សម្រាប់ផ្ដល់ផាសុកភាព និងសន្តិសុខក្នុងការរស់នៅ។

ច្រក​ចូល​គម្រោង​ Residence90
លោកស្រី បន្ថែមថា៖ “យើងខ្ញុំមានកិតិ្តយសណាស់ ដែលបានស្វាគមន៍ម្ចាស់លំនៅដ្ឋានដំបូងៗរបស់គម្រោង R90 មករស់នៅ​ក្នុ​ង​​មជ្ឈដ្ឋានដែលមានសុវត្ថិភាព និងមានពណ៌បៃតង ដែលក្រុមហ៊ុនយើងខ្ញុំបានកសាងឡើង។ នេះជាគម្រោងអភិវឌ្ឍន៍ពិសេស​​ពិតៗ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ហើយជាគម្រោងមួយផ្នែករបស់ភីភីស៊ីស៊ីដែលបន្តលូតលាស់ឥតឈប់ឈរ”។

គម្រោង R90 បាន​ចាប់ផ្ដើម​សាងសង់នៅក្នុងឆ្នាំ ២០១៦ ដោយ​មាន​វីឡា ២ប្រភេទ គឺ​ប្រភេទ P-twin និង Q-plex។ គម្រោង​ផ្ទះ​វីឡានេះ ស្ថិតនៅជិត​គម្រោងផ្សារ​សហគមន៍​ Eden Garden ដែល​រួមមាន​ភោជនីយដ្ឋាន ហាងកាហ្វេ ហាងទំនិញ រោងភាពយន្ត និងក្លឹបរាត្រី។ ក្រៅពីនេះ គម្រោង R90 ក៏​មានក្លឹបហាត់ប្រាណ អាងហែលទឹក និងសាលា​រៀន​អន្តរជាតិ​ផងដែរ គឺសាលា Singapore Cambodia International Academy (SCIA)។

សូមបញ្ជាក់ថា ភ្នំពេញស៊ីធីសេនធ័រ គ្រប​ដណ្ដប់​លើ​ផ្ទៃដីជាង ១១១ហិចតា ស្ថិត​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជា​តំបន់ដែលមាន​ការ​អភិវឌ្ឍ​លឿន​ជាងគេ លំដាប់​ទី៣ នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​​កោះពេជ្រ និង​បឹងកេងកង១៕

ចុចអានអត្ថបទទាក់ទង៖ បឹងកក់​ ក្លាយជា​តំបន់​អភិវឌ្ឍន៍​អចលនទ្រព្យ​លេចធ្លោ​ជាងគេ

អត្ថបទ៖ សុខ សុវត្ថិ

;