ថៃ បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ពី Airbus

  • 2018-09-22 10:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៃ បាន​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ H225M របស់ ក្រុមហ៊ុន​នៅ​អឺរ៉ុប Airbus ដែល​មាន​បំពាក់​ម៉ាស៊ីន​ពីរ​ ចំនួន ៤​គ្រឿង។ ការ​បញ្ជា​ទិញ​ចុងក្រោយ​នេះ ធ្វើឲ្យ​ថៃ​មាន​ឧទ្ធម្ភាគចក្រ H225M រហូត​ដល់ ១២​គ្រឿង​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ Defense News នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ។

ឧទ្ធម្ភាគចក្រ​ប្រភេទ H225M កំពុងស្ថិតក្នុងបេសកកម្ម (រូបថត៖ defensenews.com)
Defense News បាន​ឲ្យដឹង​ថា ឧទ្ធម្ភាគចក្រ​ទាំង​៤គ្រឿង នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទឹកដី​ថៃ នៅ​ក្នុង​ឆ្នាំ​២០២១ ដើម្បី​ចូលរួម​ជាមួយ​កងទ័ព​អាកាស​ថៃ។ គោល​បំណង​នៃ​ការ​ទិញ​ឧទ្ធម្ភាគចក្រ​ទាំងនេះ គឺ​ដើម្បី​ចល័ត​កងទ័ព ជំនួស​ឲ្យ​ឧទ្ធម្ភាគចក្រ​ប្រភេទ Bell UH-1 ដែល​ថៃ​បាន​ប្រើប្រាស់​តាំង​ពី​ទសវត្សរ៍ ១៩៦០ មក​ម្ល៉េះ។

ឧទ្ធម្ភាគចក្រ H225M មាន​ទម្ងន់​១១តោន អាច​ផ្ទុក​មនុស្ស ២៨​នាក់ ច្រើន​ជាង​ប្រភេទ Bell UH-1 ជាង​២ដង​។ ប្រភព​ មិនបាន​បញ្ជាក់ពី​តម្លៃ​នៃ​ឧទ្ធម្ភាគចក្រ​ទាំង​៤​គ្រឿង​ ដែល​ថៃ​បាន​ទិញ​នោះ​ទេ។​

សូម​បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ H225M មាន​ការ​ពេញ​និយម​ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​ថៃ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;