កម្ពុជា​ស្នើ​អង់គ្លេសឲ្យផ្ដល់​អាហារូបករណ៍​ថែម​ទៀត ដើម្បី​គាំទ្រ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​សេដ្ឋកិច្ច​ឌីជីថល

  • 2018-10-02 08:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ស្នើ​មន្ត្រី​ការទូត​អង់គ្លេស ពិនិត្យ​លទ្ធភាព​ផ្តល់​អាហារូបករណ៍​ថែម​ទៀត ដល់​និស្សិត​កម្ពុជា ពិសេស​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (S.T.E.M)។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​កសាង​សមត្ថភាព​របស់​កម្ពុជា សម្រាប់​គាំទ្រ​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល នា​ពេល​អនាគត។

លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក អែដ វៃហ្ស៊ី (Edward Vaizey) ប្រមុខ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស និង​លោក​ស្រី ធីណា រ៉េដស (Tina Redshaw) ឯក​អគ្គរាជ​ទូត​ថ្មី​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០១ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម។

ជំនួប​ពិភាក្សា​ការងារ​​រវាង​លោក ប៉ាន សូរស័ក្តិ ជាមួយ​លោក អែដ វៃហ្ស៊ី និង​លោក​ស្រី ធីណា រ៉េដស (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម)
នៅ​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ការ​កសាង​ធនធាន​មនុស្ស ដើម្បី​បម្រើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ព្រម​ទាំង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្នុង​ការ​បន្ត​កំណែ​ទម្រង់​គ្រប់​វិស័យ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ ដែល​ទើប​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្មីៗ​នេះ ដើម្បី​ធានា​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ និង​ចីរភាព។

លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​បេសកជន​ទាំង​ពីរ អំពី​ស្ថិរភាព​នយោបាយ, វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច, ផលិតផល​នាំ​ចេញ​សំខាន់ៗ​របស់​កម្ពុជា, អត្ថប្រយោជន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ លើស​ពី​នេះ លោក​បាន​ថ្លែង​អំណរគុណ សមាគម​បាល់ទាត់​អង់គ្លេស (FA) ដែល​បាន​ប្រើប្រាស់​ឯកសណ្ឋាន​ម៉ាក Marks & Spencer ផលិត​នៅ​កម្ពុជា សម្រាប់​ក្រុម​កីឡាករ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 នា​ពេល​កន្លង​មក។

ជា​ការ​ឆ្លើយ​តប លោក អែដ វៃហ្ស៊ី (Edward Vaizey) បេសកជន​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស និង​លោក​ស្រី​ ធីណា រ៉េដស (Tina Redshaw) ឯក​អគ្គរាជ​ទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​សន្យា​នឹង​ខិតខំ​ស្វែង​រក​អាហារូបករណ៍​បន្ថែម​ទៀត សម្រាប់​និស្សិត​កម្ពុជា ដើម្បី​ចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស សំដៅ​ជំរុញ​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការ​បោះជំហាន​ឆ្ពោះ​ទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា។

ទន្ទឹម​គ្នា​នោះ​ដែរ មន្ត្រី​ការទូត​ទាំង​ពីរ បាន​កោតសរសើរ​អំពី​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ព្រមទាំង​កិច្ចសហការ​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មក ដែល​បាន​ជំរុញ​ឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​វិនិយោគ​ថ្មី​នៅ​ក្នុង​តំបន់។ បេសកជន​ទាំង​ពីរ បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សំណង់​អង់គ្លេស​ជាច្រើន កំពុង​ស្វែងរក​ឱកាស​ចូល​មក​ទីផ្សារ​កម្ពុជា ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ទំនើបៗ និង​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​ថ្មីៗ សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​វិស័យ​សំណង់ ដែល​កំពុង​មាន​ការ​លូត​លាស់​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;