អាមេរិក គ្រោង​រឹតបន្ដឹង​ការនាំចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅកាន់​ចិន

  • 2018-10-12 03:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ថាមពល​អាមេរិក​ កាលពី​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ បាន​ប្រកាស​ថា ក្រសួង​នឹង​ធ្វើការ​រឹតបន្ដឹង​ការ​បញ្ជូន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅកាន់​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​មួយ​សម្រាប់​រោងចក្រ​ថាមពល ខណៈ​សេដ្ឋកិច្ច​អាស៊ី​កំពុង​មាន​តម្រូវការ​អគ្គិសនី តាមរយៈ​ប្រភព​កាបូន​ទាប។

រូបភាព៖ Reuters
លោក Rick Perry រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា "អាមេរិក​មិន​អាច​បំភ្លេច​ការ​ជាប់ពាក់ព័ន្ធ​សន្ដិសុខ​ជាតិ ជាមួយ​កិច្ចខិតខំ​របស់​ចិន ដើម្បី​ស្រូបយក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​ខាងក្រៅ នៃ​ដំណើរការ​ដែល​បាន​បង្កើត នៃ​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ​ស៊ីវិល អាមេរិក-ចិន នោះ​ទេ"។

ក្រសួង​ថាមពល​អាមេរិក​បាន​ប្រកាស​ថា ក្រសួង​មិនបាន​បញ្ឈប់​ការ​នាំចេញ​នុយក្លេអ៊ែរ​ទៅ​កាន់​ប្រទេស​ចិន​នោះ​ទេ ប៉ុន្ដែ​ក្រសួង​នឹង​ធ្វើការ​ពិនិត្យ​កាន់​តែ​តឹងរ៉ឹង​ជាងមុន ហើយ​នឹង​មាន​ការ​បដិសេធ​សម្រាប់​ការ​ផ្ដល់​លិខិត​អនុញ្ញាត​ថ្មី ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​រដ្ឋ​ចិន General Nuclear Power Corp។

ក្រុមហ៊ុន​រដ្ឋ​ចិន​នេះ និង​ជនជាតិ​អាមេរិក​ម្នាក់ ត្រូវ​បាន​ចោទប្រកាន់​កាលពី​ឆ្នាំ​មុន​ថា បាន​ឃុបឃិត​គ្នា អភិវឌ្ឍ​សារធាតុ​នុយក្លេអ៊ែរ​គ្រោះថ្នាក់ ដែល​គ្មាន​អនុញ្ញាត​ដំណើរការ​ពី​អាជ្ញាធរ​អាមេរិក។

សូមបញ្ជាក់​ថា ការ​រឹត​បន្ដឹង​ការ​នាំចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នេះ គឺ​ខណៈ​ពេល​អាមេរិក និង​ចិន កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម ភូមិសាស្រ្ត​នយោបាយ និង​ក៏​មាន​ការ​ចាប់​ខ្លួន​ចារកម្ម​ចិន​ជាបន្តបន្ទាប់​នៅ​អាមេរិក​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;