Facebook លាតត្រដាង​ពីទិន្នន័យរបស់ Account ជិត​៣០លានដែល​ត្រូវ​បាន​លួច

  • 2018-10-13 01:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនបណ្ដាញសង្គម Facebook បានអះអាងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៨​ថា​ ក្រុម Hacker ដែលបាន​លួច​ចូលក្នុងគណនី (Account) ជាង ៣០លាន របស់​អ្នក​ប្រើប្រាស់​កាលពី​ខែមុន គឺបានលួចទិន្នន័យឈ្មោះ និង​លេខទូរសព្ទ។

លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ថ្លែងនាពេលកន្លងទៅ (រូបថត៖ medium)
Facebook បានឲ្យដឹងថា ពួកគេមិនបានរកឃើញការលួចចូលអានសារឆ្លើយឆ្លង ឬ ទិន្នន័យដែលពាក់ព័ន្ធនឹងលុយនោះទេ។ បន្ថែមពីនេះ ការលួចគណនី Facebook អ្នកប្រើប្រាស់​ដើម្បីចូល (Login) ទៅកាន់វេបសាយនានា ក៏ពុំមានផងដែរ។

ក្រុមហ៊ុនដដែលបន្តថា ក្នុងចំណោមគណនី ៣០លានដែលត្រូវបានលួច មាន ១៤លានគណនី ត្រូវបាន Hacker ប្រមូលថ្ងៃខែឆ្នាំកំណើត ទីកន្លែងធ្វើការងារ ប្រវតិ្តការសិក្សា និងបញ្ជី Friend របស់អ្នកប្រើប្រាស់។ កត្តានេះ អាច​ធ្វើឲ្យជនខិលខូចទាំងនោះ បង្កើតជាសារអេឡិចត្រូនិក (អ៊ីម៉ែល) ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកប្រើប្រាស់​ ឲ្យពួកគេទាំងនោះធ្វើការចូល (Login) ទៅកាន់ទំព័រក្លែងក្លាយ ឬ តំណផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់កុំព្យូទ័រ។

បើតាមការបង្ហោះរបស់ Facebook ក្រុម FBI របស់អាមេរិក ស្នើមិនឲ្យធ្វើការបង្ហាញឈ្មោះក្រុមដែលនៅពីក្រោយការវាយប្រហារនេះទេ ដើម្បីធ្វើការស៊ើបអង្កេតជាមុនសិន។

សូមជម្រាបថា កាលពីចុងខែកញ្ញាកន្លងទៅ Facebook បានបង្ហាញថា គណនីចំនួន ៥០លាន ត្រូវបានលួចលេខសម្ងាត់ ដោយ Hacker ។ ភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះ ២,៦% កាលពីខែកញ្ញា និងបន្តដាំក្បាលចុះជាង ១% ទៀត ក្រោយការប្រកាសកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៨៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;