ក្រសួង​អប់រំ​ មាន​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ចំនួន​ ៥ចំណុច

  • 2018-10-16 06:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា មាន​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​វិស័យ​អប់រំកាយ និង​កីឡា ចំនួន​៥ចំណុច រួមមាន៖ ១.អភិវឌ្ឍ​ក្របខណ្ឌ​ច្បាប់ និង​គតិយុត្តិ ២.អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ ៣.អភិវឌ្ឍ​កីឡា​សម្រាប់​ទាំងអស់​គ្នា ៤.អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា និង​សហគមន៍ និង​ ៥.អភិរក្ស និង​អភិវឌ្ឍ​កីឡា​គ្រប់​ប្រភេទ។

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​តុលា​នេះ (រូបថត៖ ផ្ដល់ឲ្យ)
ការ​ថ្លែង​បញ្ជាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​តុលា​នេះ​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​វិស័យ​អប់រំកាយ និង​កីឡា ព្រមទាំង​អភិវឌ្ឍ​វិស័យ​កីឡា​ឆ្ពោះ​ទៅ​ឆ្នាំ​២០២៣ លោក​ ស សុខា បាន​សំណូមពរ​ទៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ស្វាយរៀង ចំនួន​៩ចំណុច ដូច​ជា៖

១- រៀបចំ និង​ពង្រឹង​ការ​អនុវត្ត​ផែនការ​សកម្មភាព​អប់រំ​កាយ និង​កីឡា​ប្រចាំឆ្នាំ

២- ពង្រឹង និង​ពង្រីក​ធនធាន​មនុស្ស​លើ​វិស័យ​អប់រំកាយ និង​កីឡា

៣- ស្នើ​សុំ​រៀបចំ​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ សម្រាប់​អនុ​វិស័យ​អប់រំ​កាយ និង​កីឡា ឲ្យ​បាន​សមស្រប

៤- រៀបចំ​ផែនការ​ជួសជុល កែ​លម្អ​ទីលាន និង​បំពាក់​សម្ភារ​កីឡា សម្រាប់​ហាត់​ហ្វឹកហ្វឺន និង​ប្រកួត

៥- ត្រួត​ពិនិត្យ​តាម​ដាន​អនុវត្ត​ ការងារ​អប់រំកាយ​ក្នុង​ម៉ោង​សិក្សា និង​កីឡា​ក្រៅ​ម៉ោង​សិក្សា

៦- ពង្រឹង​ការ​រៀបចំ​កីឡា​ថ្នាក់​ខេត្ត ដើម្បី​ស្វែងរក​កីឡាករ​ល្អ​ៗ និង​មាន​ទេព​កោសល្យ​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ

៧- ចូលរួម​ប្រកួត​កីឡា​ថ្នាក់​ជាតិ

៨- ត្រួត​ពិនិត្យ​តាម​ដាន និង​វាយតម្លៃ​ការ​ហាត់ ក៏ដូចជា បង្ហាត់​អប់រំ​កាយ និង​កីឡា

៩- ធ្វើ​របាយការណ៍​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​បាន​ទៀង​ទាត់​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;