ក្រសួង អំពាវនាវ​ឲ្យ​ជន​ពិការ​បញ្ឈប់​ការ​ច្រៀង​តាម​ផ្លូវ​សាធារណៈ

  • 2018-10-17 23:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សង្គមកិច្ច អំពាវនាវ​ឲ្យ​ជន​ពិការ​បញ្ឍប់​ការ​ច្រៀង​តាម​ដង​ផ្លូវ​សាធារណ: ដើម្បី​រក្សា​បាន​សេ​ចក្តី​ថ្លៃថ្នូរ និង​សណ្តាប់​ធ្នាប់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ក្រសួងព័ត៌មាន កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨។

ជនពិការ ច្រៀងនៅតាមទីសាធារណៈ (រូបថត៖ ក្រសួងព័ត៌មាន)
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​តន្រ្តី​ជនពិការ​រួបរួម​គ្នា​ឡើងវិញ​ជា​ក្រុម​ធំៗ ហើយ​ទៅ​ច្រៀង​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​អាជ្ញាធរ​ផ្តល់​ឲ្យ​ ដើម្បី​ធានា​បាន​សេចក្តី​ថ្លៃថ្នូរ និង​មិន​ប៉ះ​ពាល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​។

ការ​បន្ត​អំពាវនាវ​នេះ បន្ទាប់ពី​ក្រុម​តន្រ្តី​ជនពិការ​នៅ​តែ​បន្ត​សម្តែង​នៅ​តាម​ភ្លើង​ស្តុប តាម​ផ្សារ និង​តាម​ទីសាធារណៈ ដែល​ធ្វើឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់ និង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ជនពិការ ខណៈ​ដែល​អាជ្ញាធរ​បាន​ធ្វើ​ការ​ហាម​ប្រាម​។

លោក ឯម ច័ន្ទមករា បាន​ថ្លែង​ប្រាប់​កុ្រម​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​អបអរ​សាទរ​ទិវា​មនុស្ស​គថ្លង់​ហើយ​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ បាន​ឧបត្ថម្ភ​ឧបករណ៍​ភ្លេង​តន្រ្តី​សម័យ​សម្រាប់​ជនពិការ ហើយ​បង្កើត​ជា​ក្រុម​លេង​នៅ​តំបន់​រមណីយដ្ឋាន​វត្តភ្នំ និង​លេង​នៅ​តាម​បុណ្យ​ប្រពៃណី​ជាតិ និង​បុណ្យ​របស់​ប្រជាពលរដ្ឋ ដែល​មិន​បង្ក​​ផល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ឡើយ​ ហើយ​ពួកគាត់​អាច​ស្វែង​រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​​ផងដែរ​។

លោក ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ក្រសួង​ ស្ថាប័ន​នានា ជួយ​ជួល​ក្រុម​តន្រ្តី​ជន​ពិការ​ទៅ​សម្តែង​ក្នុង​កម្មវិធី​ផ្សេង​ៗ​ ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​ជន​ពិការ​ដែល​កំពុង​ខ្វះខាត៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;