កម្ពុជា នឹងរៀបចំកំណត់ស្តង់ដារយានយន្ត ឱ្យស្របតាមស្តង់ដារអាស៊ាន នៅឆ្នាំ២០២៣
- 2018-10-18 01:45:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងរៀបចំកំណត់ស្តង់ដារយានយន្ត ឱ្យស្របតាមស្តង់ដារអាស៊ាន នៅឆ្នាំ២០២៣
ចន្លោះមិនឃើញ
នៅត្រឹមឆ្នាំ២០២៣ កម្ពុជា នឹងរៀបចំកំណត់ស្ដង់ដារយានយន្ដ ឱ្យស្របតាមបញ្ញត្ដិអន្ដរជាតិ និងស្ដង់ដារយានយន្ដអាស៊ាន ដើម្បីធានាគុណភាពក្នុងការប្រើប្រាស់យានយន្ដប្រកបដោយសុវត្ថិភាព។ នេះបើតាមការថ្លែងរបស់លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំអ្នកបច្ចេកទេសអាស៊ីឆ្នាំ២០១៨ ស្ដីពីការបកស្រាយកិច្ចព្រមព្រៀងអន្ដរជាតិលើបទបញ្ញត្ដិយានយន្ដឆ្នាំ១៩៥៨ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង។
បើតាមការចុះផ្សាយរបស់ AKP លោកបានមានប្រសាសន៍ថា ការរៀបចំបច្ចេកទេស និងស្ដង់ដារយានយន្ដនេះ កម្ពុជាបានសហការ ជាមួយមជ្ឈមណ្ឌលយានយន្ដស្ដង់ដារអន្ដរជាតិនៃប្រទេសជប៉ុន ក្នុងការជួយបណ្ដុះបណ្ដាលមន្រ្ដី ជំនាញបច្ចេកទេស ដើម្បីរៀបចំបទបញ្ញត្ដិយានយន្ដ និងកំណត់ឱ្យមានស្ដង់ដារយានយន្ដនៅ ក្នុងប្រទេសកម្ពុជា។
មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបាននឹងកំពុងតែកំណត់ស្ដង់ដារយានយន្ដឱ្យស្របតាមបទបញ្ញត្ដិអន្ដរជាតិ ដែលតម្រូវឱ្យប្រទេសជាសមាជិកហត្ថលេខីក្នុងកិច្ចព្រមព្រៀងអន្ដរជាតិស្ដីពីបញ្ញត្ដិបច្ចេកទេស ក៏ដូចជាប្រទេសអាស៊ានទាំងអស់ ត្រូវមានការកំណត់ស្ដង់ដារយានយន្ដឱ្យត្រឹមត្រូវ។
កម្ពុជា មានការពិបាកក្នុងការគ្រប់គ្រងការនាំចូលរថយន្តឱ្យមានស្តង់ដារពីព្រោះកម្ពុជា បាននាំចូលរថយន្តមួយទឹកមកពីប្រទេសជាច្រើន សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសដោយមិនបានកំណត់ថា ប្រទេសណាមួយមានស្តង់ដារនោះទេ។ នេះបើតាមបញ្ជាក់បន្ថែមរបស់លោករដ្ឋលេខាធិការ។
ជាមួយគ្នានេះដែរ លោកស្រី ណាអូមី មូរី (Naomi Mori) អនុប្រធាននាយកដ្ឋានបច្ចេកទេសនៃមជ្ឈមណ្ឌលយានយន្ដស្ដង់ដារអន្ដរជាតិ នៃប្រទេសជប៉ុន បានថ្លែងថា ជប៉ុននឹងចូលរួមចំណែកផ្ដល់នូវបទពិសោធ ចែករំលែកព័ត៌មាន និងចំណេះដឹង ជួយដល់កម្ពុជា លើការរៀបចំបទបញ្ញត្ដិ បច្ចេកទេស សម្រាប់ការត្រួតពិនិត្យកំណត់ស្ដង់ដារយានយន្ដ ឱ្យស្របតាមស្ដង់ដារអន្ដរជាតិ និងសន្ធិសញ្ញាអង្គការសហប្រជាជាតិ។
សូមជម្រាបថា កម្ពុជា ជាប្រទេសដែលបានចុះហត្ថលេខា និងចូលរួមអនុវត្ដកិច្ចព្រមព្រៀងរបស់ អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ១៩៥៨ ស្ដីពីបញ្ញត្ដិបច្ចេកទេស និងបង្កើតប្រព័ន្ធយល់ព្រមលើប្រភេទ យានយន្ដទាំងអស់របស់អន្ដរជាតិ។ តាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិនេះ បានកំណត់ថា ប្រទេសជាសមាជិកទាំងអស់ ត្រូវតែអនុវត្ដ និងបង្កើតស្ដង់ដារយានយន្ដឱ្យមានការទទួលស្គាល់ជាអន្ដរជាតិត្រឹមឆ្នាំ២០២៣ ខាងមុខ៕