កម្ពុជា-ថៃ​​ឯកភាព​ដាក់​ចេញ​ផែនការ​ជាច្រើន​ចំណុច​ បន្តកិច្ច​សហប្រតិបត្តិការ​ទេសចរណ៍

  • 2018-10-18 23:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​បញ្ចប់កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា-ថៃ​លើក​ទី២​ ស្ដីពី​កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍​រួច​មក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍កម្ពុជា រួម​ជាមួយ​លោក វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ថៃ បាន​ឯកភាពគ្នា​ដាក់ចេញផែន​ការធំៗ​មួយចំនួន ដើម្បី​បន្តកិច្ច​សហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍ជាមួយ​គ្នា។

កិច្ចប្រជុំដ៏​សំខាន់នេះ​ត្រូវបានរៀប​ចំឡើងនាថ្ងៃ​ទី១៧​ ខែតុលា ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ ឡឺ បូកគោ​ផាលេស (ឧទ្យានជាតិព្រះមុនីវង្សបូកគោ)​ខេត្ត​កំពត។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍កម្ពុជា ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីទេសចរណ៍​ថៃ/ រូបភាព៖ ក្រសួង​ទេសចរណ៍
ភាគី​កម្ពុជា-ថៃ បាន​ឯកភាពគ្នា ដូច​ខាង​ក្រោម៖

១៖ ជំរុញលំហូរ​ទេសចរទស្សនាគ្នាទៅ​វិញទៅមក ទាំង ទេសចរកម្ពុជា និងទេសចរថៃ ព្រមទាំងទេសចរមកពី ប្រទេសទី​បីទស្សនា​ប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរ ឯកភាពគ្នា ធ្វើ​ការបន្ថែម​ទៀតជាមួយភាគី​ពាក់ពន្ធ័ ដើម្បីសម្រួល​ការធ្វើ​ដំណើរ និងដឹកជញ្ជូន​ទេសចរ ការរៀប​ចំ សម្បាទា និង ហេដ្ឋារចនាសម្ពន័​នានា នៅតាម​ច្រកទ្វារព្រំដែន ព្រមទាំង​បញ្ហាទិដ្ឋាការ និងការប្រើ​ប្រាស់ បណ្ណ​ព្រំដែន។ ភាគីទាំងពីរបាន​លើក​គំនិត ធ្វើការបូកសរុប​ពី ACMECS Single Visa ជូន​កិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍អាស៊ាន នៅ​ពេលខាងមុខ។

២៖ ការសិក្សា​ទីផ្សារ និងការ​ផ្សព្វផ្សាយទេសចរណ៍៖ ភាគី​ទាំងពីរបានឯកភាពគ្នាបន្តជំរុញ​សកម្មភាពផ្សព្វផ្សាយ​រួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅ​ទេសចរណ៍មួយ» ចូលរួមគ្នា​ផលិតឯកសារ​ផ្សព្វផ្សាយ video និង​ការចូលរួមការតាំង​ពិព័រណ៍ទេសចរណ៍។

៣៖ ពាក់​ព័ន្ធនឹង​វិស័យទេសចណ៍នៅច្រក​របៀងទេសចរណ៍​ភាគខាងត្បូង ភាគី​ទាំងពីរបានឯកភាព​គ្នាជំរុញខ្សែទស្សនកិច្ច​ដែលក្រុមជំនាញ​បានរៀបចំដោយ​ត្រូវរៀបចំឲ្យ​មានកិច្ចប្រជុំត្រី​ភាគី តំបន់ត្រីកោណ​សមុទ្រកម្ពុជា ថៃ វៀតណាម និងត្រូវ​ជំរុញទេសចរណ៍​សមុទ្រ ទេសចរណ៍ តាម​នាវា។ ភាគីទាំង​ពីរក៏បានស្របយោបល់​គ្នាក្នុងការជំរុញ ការតភ្ជាប់​ការហោះហើរត្រង់ទៅវិញទៅមករវាង​ប្រទេសថៃ ពិសេសភាគ​ខាងត្បូងថៃ និង​ខេត្តព្រះសីហនុ​ផងដែរ។

៤៖ ភាគីកម្ពុជា​ស្នើសុំភាគីថៃ​ពិចារណាជួយផ្ដល់​ការបណ្ដុះបណ្ដាល​ផ្នែកជំនាញទេសចរណ៍ ការគ្រប់គ្រង​គោលដៅទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេស​ដល់មន្ទីរទេសចរណ៍​នៃខេត្តជាប់ព្រំដែន។ ភាគីថៃ​បានឆ្លើយតបការជួយ​ជំរុញការងារនេះ ខណៈ​ថៃកំពុងជួយ​បណ្ដុះបណ្ដាល (តាមរយៈ​ការចុះអនុស្សរណៈ​ជាមួយក្រសួងទេសចរណ៍ និង​សាកលវិទ្យាល័យ​រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី)។

៥៖ ភាគីទាំងពីរបាន​គាំទ្រគ្នាក្នុងការជំរុញ​ការវិនិយោគ លើ​វិសយ័ទេសចរណ៍។ កម្ពុជា​បានអញ្ជើញវិនិយោគិនថៃ ក៏ដូចជា​អ្នកពាក់ព័ន្ធខាងភាគី​ថៃ មកវិនិយោគនៅ​កម្ពុជា និង​ចូលរួមផ្សព្វផ្សាយ​គោលដៅទេសចរណ៍ ក្នុង​ព្រឹត្តិការណ៍​បុណ្យទន្លេ និងបុណ្យ​សមុទ្រ​ដែលរៀបចំឡើង​ជារៀងរាល់ឆ្នាំ។

៦៖ អង្គប្រជុំ​ក៏បានអនុម័តផែន​ការសកម្មភាពរួមសម្រាប់​អភិវឌ្ឍន៍វិសយ័ទេសចរណ៍ឆ្នាំ​២០១៩-២០២១ (The Joint Action Plan 2019-2021)។

លោក វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ថៃ/ រូបភាព​៖ក្រសួង​ទេសចរណ៍

សូម​បញ្ជាក់​ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ​ចំនួន ៥,៦លាននាក់ ក្នុងអត្រា​កំណើន ១១,៨%ធៀបនឹង​ឆ្នាំ២០១៦ ក្នុងនោះទេសចរ​ថៃមានប្រមាណ ៤០ម៉ឺននាក់ រីឯ​ទេសចរកម្ពុជាទៅថៃ​មានប្រមាណ ៨៤ ម៉ឺន​នាក់។ សម្រាប់៨​ខែដើមឆ្នាំ២០១៨នេះ កម្ពុជា​ទទួលបានទេសចរអន្តរជាតិ​ចំនួន ៣ ៩៤៩ ៧៥៩​នាក់ កើនឡើងចំនួន ១១,៧% ក្នុងនោះទេសចរថៃមាន​ប្រមាណ ២១០ ៨២៦នាក់៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;