សល់​តែ​ប៉ុន្មាន​ខែ​ទៀត សិង្ហបុរី ដាក់​ដំណើរ​ការ​សាកល្បង​តាក់ស៊ី​លើ​អាកាស​ហើយ

  • 2018-10-20 08:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាក់ស៊ី​លើ​អាកាស នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ក្នុង​ឆមាសទី២ នៃ​ឆ្នាំ​២០១៩​ខាងមុខ​នេះ តាម​រយៈ​ការ​សហការ​ពី​ក្រុមហ៊ុន​អាល្លឺម៉ង់ Volocopter ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដែល​ពាក់ព័ន្ធ​នឹង​មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ក្រុង នៅ​ទី​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។

រូបភាពកាត់ត តាក់ស៊ីលើអាកាសនៅសិង្ហបុរី (រូបថត៖ Volocopter)
យន្តហោះ (តាក់ស៊ី) ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ឈ្មោះ Volocopter នឹង​សាកល្បង​ជា​លើក​ដំបូង​នៅ​ក្នុង​បរិស្ថាន​ទីក្រុង​របស់​សិង្ហបុរី។ វា​អាច​ផ្ទុក​មនុស្ស ២​នាក់ និង​ហោះ​បាន​ចម្ងាយ​ក្រោម ៣០​គីឡូម៉ែត្រ។ រូបរាង​ខាង​ក្រៅ​របស់​វា ស្រដៀង​ទៅ​នឹង​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ្រូន។

សម្រាប់​ការ​បញ្ជា​បើក គឺ​ត្រូវ​ធ្វើឡើង​ពី​បន្ទប់​គ្រង់គ្រង​ដោយ​មាន​ពីឡុត​ម្នាក់​ជា​អ្នក​បញ្ជា ដូច្នេះ​អ្នកដំណើរ​ហាក់​ដូចជា​ជិះ​លើ​តាក់ស៊ី​ដែល​គ្មាន​មនុស្ស​បើក​អ៊ីចឹង​ដែរ។

ការ​ដំណើរការ​សាកល្បង​តាក់ស៊ី​លើ​អាកាស​នេះ ត្រូវ​បាន​គាំទ្រ​ពី​ក្រសួង​ដឹកជញ្ជូន​សិង្ហបុរី អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហបុរី និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

ការ​ដាក់​បង្ហាញ​ជា​សាធារណៈ នឹង​ត្រូវ​ឡើង​នៅ​ពេល​ដែល​ការ​ធ្វើ​តេស្ត​សាកល្បង​ទទួល​បាន​ជោគជ័យ។ ហើយ​ទីតាំង​ធ្វើតេស្ត​ជាក់លាក់ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។

យន្តហោះ Volocopter 2X (រូបថត៖ Volocopter)

​ក្រុមហ៊ុន Volocopter បាន​អះអាង​ថា ខ្លួន​បាន​សាកល្បង​រួច​មក​ហើយ​នៅ​អាល្លឺម៉ង់​ ចាប់តាំង​ពី​ឆ្នាំ​២០១៦។ ​ហើយ​ខ្លួន​កំពុង​បំពេញ​បែបបទ​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ទីភ្នាក់​ងារ​សុវត្ថិភាព​អាកាសចរណ៍​អឺរ៉ុប ដើម្បី​ដំណើរការ​ជាផ្លូវការ​។ លើស​ពី​នេះ ការសាកល្បង​ក៏​ធ្លាប់​ធ្វើនៅ​ក្រុង​ឌុយបៃ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧​ផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;