កម្ពុជា ទទួល​បាន​កិត្តិយស​​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ​២០២០

  • 2018-10-21 01:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុង​ពិធី​បិទបញ្ចប់​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើកទី​១២ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី-អឺរ៉ុប​ទាំង​អស់ បាន​ឯកភាព​គ្នា ក្នុងការ​ផ្តល់​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី១៣ ក្នុងឆ្នាំ​២០២០​ខាងមុខ។ នេះបើ​តាមការ​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន។

ថ្លែងទៅកាន់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី-អឺរ៉ុប ក្នុងការ​ទទួល​ភាពជា​ប្រធាន​របស់​កម្ពុជា សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប​លើកទី១៣ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ក្រៃលែង ក្នុងការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះនៃ​កិច្ចប្រជុំ​នេះ ដែលជា​ការរៀបចំ​កិច្ច​ប្រជុំកំពូល​ទ្រង់ទ្រាយ​ធំ​លើកទី​១ និង​​សារ:សំខាន់​បំផុត។

សម្តេច ហ៊ុន សែន ថតរូបអនុស្សាវរីយ៍ជាមួយបណ្តាមេដឹកនាំអាស៊ី-អឺរ៉ុប នៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៩តុលា ២០១៨។ រូបថត៖ FB សម្តេច ហ៊ុន សែន
សុន្ទរកថា​របស់​សម្តេច​បន្ត​ថា ដោយ​ទទួលស្គាល់​ពីការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​តម្រូវការ​រៀបចំ​ល្អិតល្អន់​គ្រប់ជ្រុង​ជ្រោយ កម្ពុជា​នឹង​ខិតខំ​ធ្វើ​កិច្ចការ​ចាំបាច់​គ្រប់យ៉ាង ដើម្បី​ធានា​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ីអឺរ៉ុប​លើក​ទី១៣ ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ។ ជាពិសេស កម្ពុជា​ប្តេជ្ញា​ពង្រឹង​ចំណង​មិត្តភាព និង​ភាពជាដៃគូ​យ៉ាង​ជិតស្និទ្ធ ដែលផ្តល់ផល​ប្រយោជន៍​ឲ្យគ្នា​ទៅវិញ​ទៅមក រវាង​ប្រទេសជា​សមាជិក​ទាំងអស់ ដើម្បី​រួមចំណែក​លើក​កម្ពស់​សន្តិភាព និង​សន្តិសុខ​ពិភពលោក ក៏ដូចជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព នៃ​របៀបវារៈ​ឆ្នាំ២០៣០ របស់​អង្គការ​សហ​ប្រជាជាតិ។

សូម​រំលឹកថា កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើកទី​១២ ដែល​ធ្វើឡើង​នៅក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក បានបិទ​បញ្ចប់​កាលពី​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពី​ដំណើរការ​ពេញ​រយៈ​ពេល​២ថ្ងៃ ក្រោយពី​ឈានទៅចេញ​សេចក្តី​ប្រកាស​រួមស្តីពី​លទ្ធផល​នៃកិច្ចប្រជុំ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;