៤នាក់​ស្លាប់ ដោយសារ​រន្ទះបាញ់​ក្នុងពេល​និយាយ​ទូរសព្ទ និង​នៅទីវាល ក្នុងខេត្ត​២

  • 2018-10-21 02:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពលរដ្ឋ​៤​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ដោយសារ​រន្ទះបាញ់ កាលពី​ថ្ងៃទី១៩ ខែ​តុលា នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យដឹងថា ខណៈ​ដែល​កំពុង​មាន​ភ្លៀង​ស្រិចៗ ​ជនរងគ្រោះ​បាន​នាំគ្នា​ទៅ​ជ្រក​ក្នុង​រោង ប៉ុន្តែ​ពេលនោះ​មាន​កម្មករ​ម្នាក់​និយាយ​ទូរសព្ទ​បណ្ដាល​ឲ្យ​រន្ទះបាញ់​វាយប្រហារ​តែម្ដង។

ដោយ​ឡែក នៅ​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ កាលពី​ថ្ងៃ​ទី​១៨​តុលា ក៏​មាន​ពលរដ្ឋ​៣​នាក់ បាន​ស្លាប់​ដោយ​រន្ទះបាញ់​ដែរ ខណៈ​ពួកគេ​កំពុង​អង្គុយ​ជុំ​គ្នា នៅ​ទីវាល​ក្នុង​ភូមិ។

រូបតំណាង
សូម​រំលឹក​ថា កាលពី​ចុងខែ​សីហា​កន្លងទៅ មាន​ពលរដ្ឋ ២​នាក់ ក៏បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​នៅខេត្ត​ពោធិ៍សាត់។ ហើយ​កាលពី​ចុងខែ​មិថុនា ក៏​មាន​មនុស្ស ២​នាក់​ផង​ដែរ​បាន​ស្លាប់ និង​ម្នាក់ទៀត​សន្លប់ ខណៈ​អ្នក​ទាំង​បី​កំពុង​ឃ្វាលគោ នៅ​ភូមិ​ព្រៃធំ ខេត្ត​ឧត្តរមានជ័យ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី ថា ប្រជាពលរដ្ឋ​រស់នៅ​ជនបទ ដែល​នៅ​ឆ្ងាយ​ពី​តំបន់​ការពារ​រន្ទះ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ពេល​មាន​ភ្លៀង ជាពិសេស​កសិករ គប្បី​ចាក​ចេញពី​វាលស្រែ​ឲ្យ​ឆ្ងាយ ពី​ប្រភព​ទឹក និង​កុំ​នៅ​ជ្រក​ក្រោម​ដើមឈើ​ខ្ពស់ៗ ដែល​ងាយ​រងគ្រោះ​ដោយ​បាតុភូត​រន្ទះ។

លោក​ក៏​បាន ទទូច​ឲ្យ​ពលរដ្ឋ​ព្យាយាម​សម្ងំ​នៅ​ក្នុង​ផ្ទះ​ជានិច្ច នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ខ្យល់​បោកបក់​រក​ភ្លៀង និង​ផ្គរ​រន្ទះ។ ចំពោះ ប្រជាពលរដ្ឋ​ដែល​ធ្វើការ​នៅ​តាម​ទីវាល ឬ​នៅ​ក្បែរ​ប្រភព​ទឹក នៅ​ពេល​មាន​ភ្លៀង ត្រូវ​រួសរាន់​ត្រឡប់​មក​ផ្ទះ បិទ​ទូរស័ព្ទ​និង​វិទ្យុ កុំ​កាន់​របស់​អ្វី ដែល​អាច​ចម្លង​អគ្គិសនី កុំ​ទៅ​ជ្រក​នៅ​ក្រោម​ដើមឈើ ហើយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ប្រមាណ​ចម្ងាយ​ពី ៣ ទៅ ៤​ម៉ែត្រ ពីក្រោម​ដើមឈើ ដើម្បី​ជៀសវាង​ការ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ពេល​ដែល​មាន​រន្ទះ៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;