​ឥណ្ឌូណេស៊ី ​កូរ៉េខាងត្បូង សហការ​គ្នា​ផលិត​យន្តហោះ​ចម្បាំង

  • 2018-10-22 07:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​រវាង​កូរ៉េខាងត្បូង ជាមួយ ឥណ្ឌូណេស៊ី បាន​ដំណើរការ​ហើយ ស្រប​ពេល​ដែល​ឥណ្ឌូណេស៊ី នឹង​ត្រូវ​រួមចំណែក​ទឹកប្រាក់​ប្រមាណ​ជា ២០០​លាន​ដុល្លារ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ទីភ្នាក់ងារ​ដែល​ទទួល​បន្ទុក​កម្មវិធី​ទិញ​អាវុធ ដែល​ហៅ​កាត់​DAPA របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១៨​។

ម៉ូដែលគំរូ យន្តហោះចម្បាំង KF-X (រូបថត៖ sputniknews)
គម្រោង​អភិវឌ្ឍ​យន្តហោះ​ចម្បាំង "KF-X” ត្រូវ​ការ​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ៧,៩ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ឥណ្ឌូណេស៊ី រួមចំណែក​ទឹកប្រាក់​ប្រមាណ​ជា ២០% ។ ឥណ្ឌូណេស៊ី និង​កូរ៉េខាងត្បូង បាន​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​កាល​ពី​ឆ្នាំ​២០១៤ លើ​គម្រោង​នេះ។

ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២​តុលា​នេះ​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​សម្រេច​ពន្យារ​ពេល​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៧ សម្រាប់​គម្រោង​ខាងលើ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ពន្យារ​ពេល​នេះ​ទេ។ ចំណែក កូរ៉េខាងត្បូង កំពុង​រក​វិធីសាស្ត្រ​ថ្មី​មួយ ដើម្បី​ឲ្យ​ឥណ្ឌូណេស៊ី​អាច​រួមចំណែក​បន្ត​ទៀត​។

លោក Tom Lembong ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​វិនិយោគ​ឥណ្ឌូណេស៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុង​ហ្សាកាតា ប្រហែល​ជា​ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​ខាងលើ ពី​ចំនួន​យន្តហោះ​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ទិញ កាល​វិភាគ​ដឹកជញ្ជូន និង​ភាព​បត់បែន​ដើម្បី​លក់​យន្តហោះ​ទៅ​កាន់​ប្រទេស​ទី​៣។

គួរ​បញ្ជាក់​ថា ទីភ្នាក់ងារ​សារព័ត៌មាន Antara បាន​រាយការណ៍​កាល​ពី​ខែ​ឧសភា​ថា ឥណ្ឌូណេស៊ី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​យន្តហោះ​ចម្បាំង KF-X ទៅ​កាន់​ប្រទេស​ទី​៣ ឬ ផលិត​គ្រឿង​បង្គំ​ក្នុង​ស្រុក​ឡើយ។ ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌូណេស៊ី មិន​អាច​​ឆ្លើយតប​បាន​នោះ​ទេ៕

សូម​ជម្រាប​ថា ឥណ្ឌូណេស៊ី ធ្លាប់​អះអាង​ថា ខ្លួន​នឹង​ទិញ​យន្តហោះ KF-X ចំនួន ៤៨​គ្រឿង​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;